ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ)៖ ធ្លាយករណី Miss Global ប្រេស៊ីល ដែលពាក់ មកុដ នៅកម្ពុជា ត្រូវគេដកតំណែង!

យោងតាមការទម្លាយអោយដឹងពីសំណាក់មន្ត្រីជាន់ខ្ពស់របស់គណកម្មការ Miss Global International ប្រចាំនៅកម្ពុជា បានថ្លែងក្នុងវេទិកាសិន្និសីទសារព័ត៌មានថា បវរកញ្ញាតំណាងប្រទេសប្រេស៊ីល ដែលបានមកប្រកួតនៅកម្ពុជាកាលពីអំឡុងខែ១១ នៅឆ្នាំ២០១៧ ហើយទទួលបានតំណែង Miss Global International 2017 ក្រោមការរៀបចំរបស់ហង្សមាសនោះ ត្រូវបានគណកម្មការអន្តរជាតិគ្រោង នឹងដក មកុដយកវិញហើយ បន្ទាប់ពីរកឃើញថាការប្រកួតមួយនេះ ក្រៅពីមានការកេងប្រវ័ញ្ចលុយកម្មវិធីយ៉ាងហោច២០ម៉ឺនដុល្លារ ក៏មានការផ្ដល់ពិន្ទុដោយមិនយុត្តិធម៌។

ដំណឹងផ្លូវការបានអះអាងថា បណ្ដឹងទាំងស្រុងកំពុងស្ថិតក្នុងដៃតុលាការអាមេរិក ហើយក្រោយការប្រកាសសាលក្រម គឺកញ្ញាម្ចាស់ម្កុដរបស់ប្រេស៊ីល នឹងត្រូវដកតំណែង ស្របគ្នាដែលលោក អឿន រតនៈ ដែលជាអ្នកជាប់ចោទរឿងកេងប្រវ័ញ្ចលុយកម្មវិធី ក៏ត្រូវប្រឈមផ្លូវច្បាប់។

លោក ឌី ពេជ្រ នាយកប្រតិបត្តិ ជាប្រធានបវរកញ្ញាខ្មែរអាមេរិកកាំង និងបវរកញ្ញាខ្មែរពិភពលោក ប្រចាំកម្មវិធី Miss Global បានថ្លែងក្នុងវេទិកាសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៤ មេសា ថា ក្នុងពេលកម្មវិធីមួយនេះត្រូវបានកំណត់ធ្វើឡើងនៅក្នុងប្រទេសកម្ពុជា គណកម្មការទាំងមូលបានសម្រេចចិត្តតែងតាំងលោក អឿន រតនៈ ដែលមានហ្វេសប៊ុកឈ្មោះ Ratanak R.Oeurn ជាអ្នកទទួលខុសត្រូវរួមសម្រាប់ការប្រកួតទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្នុងពេលប្រតិបត្តិការងារឈ្មោះ អឿន រតនៈ នេះ មិនបានបំពេញអោយត្រូវនឹងលក្ខខណ្ឌរបស់គណកម្មការ Miss Global International នោះទេ ដោយបានប្រើសិទ្ធិដើរសុំស្ពុនស័រដាក់ហោប៉ៅខ្លួនឯង មិនចូលក្រុមហ៊ុន និងបានទាំងលួចធ្វើសកម្មភាពផ្សេង ដោយមិនឆ្លងគណកម្មការ ដូចជាករណីដឹកនាំបវរកញ្ញាទៅទស្សនកិច្ចនៅក្រុមហ៊ុននេះនៅក្រុមហ៊ុនោះ និងយកទៅចែកអំណោយខុសទម្រង់ជាដើម ដើម្បីបោកយកផលប្រយោជន៍ពីកម្មវិធីផ្ទាល់ខ្លួន។

ក្នុងនោះលោក អឿន រតនៈ ក៏បានប្រើសិទ្ធិជាអ្នករៀបចំប្រចាំនៅកម្ពុជាដាក់គណកម្មការជាខ្សែរយៈមួយចំនួន បណ្ដាលអោយពិន្ទុដែលត្រូវប្រកាសឡើងមានភាពមិនប្រក្រតី។ លោកឌី ពេជ្រ បញ្ជាក់ថា គណកម្មការ Miss Global International បានរកឃើញនូវភាពមិនត្រឹមត្រូវក្នុងការដាក់ពិន្ទុ ពីគណកម្មការដែលលោក អឿន រតនៈ បានសម្រេចអោយធ្វើជាអ្នកផ្ដល់ពិន្ទុ ទើបសម្រេចដាក់បណ្ដឹងទៅកាន់តុលាការសហរដ្ឋអាមេរិក ដើម្បីទាមទារអោយលោក អឿន រតនៈ សងប្រាក់ដែលបានកេងយកអោយគ្រប់ចំនួនមកវិញ និងឈានទៅដក មកុដ របស់បវរញ្ញាប្រេស៊ីល។

ការលើកឡើងរបស់លោក ឌី ពេជ្រ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលលោក ឃីម ចន្ថា អ្នកតំណាងជាន់ខ្ពស់មួយរូបក្នុងកម្មវិធីដែលបានប្រកួតនៅកម្ពុជាក្រោមការផ្សាយផ្ទាល់នៅហង្សមាសនេះ ក៏បានបញ្ជាក់ថា លោក អឿន រតនៈ ត្រូវបានគណកម្មការអន្តរជាតិដកតំណែងតាំងពីការប្រលងត្រូវបានបញ្ចប់នៅប៉ុន្មានថ្ងៃម៉្លេះ ប៉ុន្តែលោក អឿន រតនៈ នៅតែបន្តប្រើឈ្មោះពីកម្មវិធី Miss Global ដើរបោកលុយកាក់ពីបណ្ដាក្រុមហ៊ុន និងអ្នកស្គាល់ផ្សេងៗ ដែលធ្វើអោយគណកម្មការទាំងមូលមិនអាចនៅស្ងៀម។

ក្នុងនោះបវរកញ្ញាប្រេស៊ីល ក៏ត្រូវបានគណកម្មការអន្តរជាតិមិនអនុញ្ញាតអោយធ្វើសកម្មភាពណាមួយក្រោយការរកឃើញនូវភាពប្រក្រតីផងដែរ ប៉ុន្តែលោក អឿន រតនៈ បែរជាត្រូវរ៉ូវជាមួយម្ចាស់ម្កុដរូបនោះ ហើយបានអញ្ជើញនាងមកកម្ពុជាមិនផ្លូវការមកកម្ពុជា ក្នុងពេលដែលបណ្ដឹងដែលស្ថិតក្នុងការស៊ើបអង្កេតមិនទាន់ប្រកាស។

លោកថាដរាបណាបណ្ដឹងតុលាការនៅមិនទាន់បញ្ជាក់ពីភាពស្អាតស្អីក្នុងការដាក់ពិន្ទុ នោះបវរកញ្ញាប្រេស៊ីល និងកញ្ញាជាប់លេខផ្សេងទៀត មិនមានសិទ្ធិទៅធ្វើសកម្មភាពណាមួយនោះទេ អ៉ីចឹងហើយទើបករណីនេះ កាន់តែបន្ថែមបន្ទុកលើ លោក អឿន រតនៈ ដែលលោកប្រកាសថាបានបំពាន និងបោកយកកញ្ញាឯកទាំងនោះមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ាងណាជុំវិញការទម្លាយជាថ្មីនេះ លោក អឿន រតនៈ នៅមិនទាន់សុំការបញ្ជាក់បាននៅឡើយទេ។

សូមទស្សនាការចោទប្រកាន់របស់លោក ឌី ពេជ្រ និងលោក ខេម ចន្ថា ជុំវិញបញ្ហាបាត់ប្រាក់ និងបណ្ដឹងដក មកុដ ពីកញ្ញាឯកប្រេស៊ីល៖

https://youtu.be/K3yl7Cd_bos

មតិយោបល់