អាមេរិកៈ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃពុធ បានជំរុញសមាជិកសភាអាមេរិក កុំឲ្យលុបចោលកិច្ចព្រមព្រៀងអន្តរជាតិ ជាមួយអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ប្រទេសនេះ កុំឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
លោក ម៉ាក្រុង បានប្រកាសនៅក្នុងសុន្ទរកថាមួយ ទៅកាន់សភាទាំង២ថា អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរនោះទេ ក្នុងរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំទៅមុខទៀតក៏ដោយ មិនត្រូវឲ្យមានជាដាច់ខាត។
ដោយមេដឹកនាំរូបនេះ បានបន្ថែមថា «យើងត្រូវធ្វើឲ្យប្រាកដថា មានស្ថិរភាព ហើយមិនលុបចោលកិច្ចព្រមព្រៀងនោះទេ ដោយលើកទ្បើងថា បារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ស្របតាមការផ្តួចផ្តើមរបស់អាមេរិក ដែលបានចរចាដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា»។
សូមជំរាបថា ក្នុងអំទ្បុងពេលចរចា ជាមួយលោក ដូណាល់ ត្រាំនៅឯសេតវិមានកាលពីថ្ងៃអង្គារ ប្រធានាធិបតីបារាំង បានអំពាវនាវឲ្យមានការចរចាកិច្ចព្រមព្រៀងថ្មី ជាមួយអ៊ីរ៉ង់អំពីការសាកល្បងមីស៊ីលផ្លោង ក៏ដូចជាបញ្ហាយោធារបស់រដ្ឋាភិបាលក្រុង Tehran ក្នុងប្រទេសស៊ីរី យេម៉ែន លីបង់ និងអ៊ីរ៉ាក់។ ប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani កាលពីថ្ងៃពុធ បានច្រានចោលគំនិតនៃកិច្ចព្រមព្រៀងថ្មី ឬការផ្លាស់ប្តូរណាមួយ នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានធ្វើឡើងបន្ទាប់ពីការចរចាយ៉ាងយូរជាមួយចក្រភពអង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី ចិន បារាំងនិងអាមេរិកផងដែរ៕
មតិយោបល់