ឥណ្ឌាៈ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះភាពតានតឹងនៅតាមព្រំដែន រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីប្រជាជនប៉ាឡេស្ទីនជាង ៥០ នាក់ហើយបានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ចេញផ្សាយ ដោយក្រសួងការបរទេសឥណ្ឌា កាលពីយប់ថ្ងៃពុធ បាននិយាយថា «ឥណ្ឌាមានការសោកស្តាយយ៉ាងខ្លាំង សម្រាប់ការបាត់បង់អាយុជីវិតប្រជាពលរដ្ឋប៉ាទ្បេស្ទីនកន្លងមក ហើយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ជៀសវាងការកើនឡើងនៃជម្លោះ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ដំណើរការសន្តិភាព»។
សូមជំរាបថា កាលពីថ្ងៃច័ន្ទទី១៤ ខែឧសភាកន្លងមក ក្រុមហាម៉ាស់ប៉ាទ្បេស្ទីន បានប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបើកស្ថានទូតអាមេរិក នៅក្រុងយេរូសាឡឹម ក្បែររបងព្រំដែនអ៊ីស្រាអែល បានបង្កឲ្យផ្ទុះជាអំពើហិង្សា រហូតដល់ស្លាប់ និងរបួសជនជាតិប៉ាទ្បេស្ទីនរាប់ពាន់នាក់៕
មតិយោបល់