ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចំអកឲ្យលោក ម៉ាក្រុង ម្តងទៀត ជុំវិញការតវ៉ាប្រឆាំងលើពន្ធប្រេងនៅបារាំង

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបន្តវាយប្រហារភាគីបារាំង នៅលើបណ្តាញសង្គម Twitter ថា ប្រធានាធិបតីលោក អេម៉ាណុយអែល ម៉ាក្រុង បានជំរុញឲ្យមានការតវ៉ា ដោយហិង្សាប្រឆាំងនឹងការដំទ្បើងពន្ធប្រេងឥន្ធនៈ ក្នុងប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

ដោយលោក ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងសកលស្តីពីបញ្ហាបរិស្ថាន ដែលបានព្រាងទុកនៅទីក្រុងប៉ារីស កាលពីចុងឆ្នាំ ២០១៥ ថា៖ «កិច្ចព្រមព្រៀងនោះ បង្កគុណវិបត្តិយ៉ាងខ្លាំង ដោយសារវាបានបង្កើនតម្លៃថាមពល ដល់បណ្តាប្រទេសដែលត្រូវទទួលខុសត្រូវ ខណៈកំពុងធ្វើការលុបបំបាត់ការបំពុលបរិស្ថានដ៏អាក្រក់មួយចំនួន នៅក្នុងប្រទេសរបស់ពួកគេ»។

សូមជំរាបថា នៅដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីបារាំលោក Edouard Philippe បានសម្រេចចិត្តផ្អាកផែនការដំទ្បើងពន្ធប្រេង រយៈពេលយ៉ាងហោចណាស់ ៦ ខែ ដើម្បីឆ្លើយតបទៅនឹងការតវ៉ា ដោយហិង្សារយៈពេលជាច្រើនសប្ដាហ៍កន្លងមកនេះ៕

មតិយោបល់