ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង ឆ្ពោះទៅកាន់ប្រទេសជប៉ុន

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃអង្គានេះ បានបាញ់មីស៊ីលផ្លោង ឆ្ពោះទៅកាន់ភាគខាងជើងប្រទេសជប៉ុន មុននឹងវាធ្លាក់ចូលក្នុងសមុទ្រ ដោយយោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង កំពុងបង្កើនសក្ដានុពលមហិច្ឆតាអាវុធរបស់ខ្លួន ចំពេលមានភាពតានតឹង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

ទូរទស្សន៍រដ្ឋរបស់ជប៉ុន NHK បាននិយាយថា មីស៊ីលនោះ បានបែកជាបីបំណែក និងបានធ្លាក់ចូលទៅក្នុងដែនទឹក នៅកោះហុកកៃដូ។

សូមជំរាបថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺមិនធ្លាប់មានការបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង មកកាន់ប្រទេសជប៉ុននោះទេ ហើយការបាញ់នេះដែរ បានកើតមានឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួនពីរលើករបស់កូរ៉េខាងជើង កាលពីខែមុន បានបង្ហាញថា របបមួយនេះ មានសមត្ថភាពអាចពាំនាំក្បាលគ្រាប់មីស៊ីលជាច្រើន ទៅដល់ដីគោករបស់អាមេរិក។

ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានគេចាត់ទុកថា មូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម កំពុងតែស្ថិតក្នុងការគំរាមកំហែង ដោយការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានថា នឹងប្រើវិធានការក្ដៅៗ ដើម្បីតបតនឹងទីក្រុងព្យុងយ៉ាង ដោយបានលើកទ្បើងថា អាវុធ និងយោធារបស់ទីក្រុងវ៉ាស៊ីនតោន គឺតៀមរួចជាស្រេច៕

មតិយោបល់