រតនគិរីៈ ប្រជាពលរដ្ឋចំនួន២២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់នៅភូមិជ្រុង ជុំកិចុង ស្រុកបរកែវ ត្រូវបានតំណាងចលនាយុវជនកម្ពុជា១៥៧ ដឹកនាំដោយលោក គង់ សារ៉ាត់ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកភរិយាទៅចែកជូននាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកស្រី កុយ កុសល អភិបាលរងស្រុកបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ហេតុការណ៍គ្រោះធម្មជាតិបានកើតឡើង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នង ប៉ើងដំបូលអស់គ្មានសល់។ ក្នុងនោះដែរសាលារៀនមួយខ្នងត្រូវបានខ្យល់បោកបក់ដួលរលំទាំងស្រុង និងមានកុមារ៤នាក់ ស្រី២នាក់ រងរបួសហើយត្រូវអាជ្ញាធរស្រុកអន្តរាគមន៍បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។
មតិសំណេះសំណាលនាឱកាសនេះលោក គង់ សារ៉ាក់ បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកភរិយា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង២២គ្រួសារ ព្រមទាំងបានលើកឡើងថា ដោយមើលឃើញពីការលំបាករបស់បងប្អូនដែលជួបគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ប៉ើងដំបូលផ្ទះនាពេលនេះ ចលនាយុវជនកម្ពុជា១៥៧ ដែលមានលោក ហ៊ុន ម៉ាណែត ជាស្ថាបនិកបានចាត់រូបលោកនាំយកអំណោយជាគ្រឿងឧបភោគបរិភាគមកជូនពុកម៉ែបងប្អូន ដើម្បីជួយសម្រួលការលំបាក។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង២២គ្រួសារនាពេលនោះ ក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល២គីឡូក្រាម ស្ករស២គីឡូក្រាម និងថវិកា៥ម៉ឺនរៀលផងដែរ៕
មតិយោបល់