ព័ត៌មានអន្តរជាតិ

យោធាហ្វីលីពីន បាញ់សម្លាប់​ប៉ូលិស​៦ ​នាក់ ខណៈ ៩ នាក់ទៀតរងរបួស ក្នុងប្រតិបត្តិការតាមប្រមាញ់ពួកឧទ្ទាម

ហ្វីលីពីនៈ អាជ្ញាធរក្នុងប្រទេស ​នៅ​ថ្ងៃ​អង្គារនេះ បាន​និយាយ​​​ថា នៅក្នុងប្រតិបត្តិការតាមប្រមាញ់​ក្រុមឧទ្ទាម​កុម្មុយនីស្ត ទាហាន​ហ្វីលីពីន​ ​បានសម្លាប់​ប៉ូលិស​៦​នាក់​ និង ៩នាក់ទៀតរងរបួស ដោយ​សារការច្រឡំ​ ខណៈ​កងកម្លាំង​​ទាំងពីរ​កំពុង​ល្បាត​ក្នុងព្រៃ​។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។​

អ្នកនាំពាក្យ​កងពល​យោធា​ ​អនុសេនីយឯក ហ្វ្រ​ង់​ស៊ី​ស អាក​ណូ បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ មាន​ការប្រយុទ្ធ​គ្នារយៈពេល​៣០​នាទី​ នៅ​​តំបន់​ដែលមានព្រៃ​ដុះ​ច្រើន និង​មិនអាច​មើលឃើញ​ទីតាំង​របស់​ប៉ូលិស​ទាំងនោះ​ច្បាស់​។

​ក្រោយ​ការបាញ់​គ្នាចប់ ទើប​ក្រុមយោធា​ដឹងថា ​វា​ជាការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ ហើយនៅពេលនេះ ​ការ​​ស៊ើបអង្កេត​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​រក​ដើមហេតុ​​។​

ដោយទ្បែកប្រភពពី​ប៉ូលិស ​បាន​បញ្ជាក់អំពី​ឧបទ្ទវហេតុ​ កាលពី​ថ្ងៃ​ច័ន្ទនោះថា គឺកើតទ្បើងចំពេលដែលក្រុម​របស់ខ្លួន បាន​ល្បាត​នៅ​តំបន់​ជិត​ទីប្រជុំជន​ សាន់​តារីតា ចម្ងាយ​៥៥០​គីឡូម៉ែត្រ ពីភាគ​អាគ្នេយ៍​រដ្ឋធានី​ម៉ានីល​៕​

មតិយោបល់