ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យបញ្ចប់ការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង

ចិនៈ រដ្ឋមន្រ្តីការបរទេសលោក វ៉ាង យី នៅថ្ងៃពុធ បានជំរុញឲ្យប្រទេសកូរ៉េខាងត្បូង និងអាមេរិកបញ្ចប់ការធ្វើសមយុទ្ធយោធារបស់ពួកគេ ដើម្បីបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ក្នុងគោលបំណង បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

លោកបាននិយាយថា ក្រុងព្យុងយ៉ាងនៅតែបន្តសកម្មភាពធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន ដែលទាំងនេះ សបញ្ជាក់ ឲ្យឃើញពីការរំលោភយ៉ាងច្បាស់នៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ» ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការលេចទ្បើងជាមួយនឹងសមយុទ្ធយោធា នៅជុំវិញតំបន់ឧបទ្វីបនេះ គឺមិនមែនជាស្មារតី នៃដំណោះស្រាយនោះទេ»។

នៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយសមភាគីអាល្លឺម៉ង់ លោក វ៉ាង បានបន្ថែមថា «សន្ដិសុខ និងស្ថិរភាព នៅពេលនេះ ពិតជាមានសភាពផុយស្រួយខ្លាំងណាស់ ហើយហានិភ័យនៃគ្រោះថ្នាក់ក៏អាក្រក់បំផុតផងដែរ ដែលអាចនាំឲ្យមានការប៉ះទង្គិចគ្នាគ្រប់ពេលវេលាទាំងអស់» ។

«យើងមិនអាចប្រថុយជាមួយនឹងសង្គ្រាមបាននោះទេ បើទោះបីជាលទ្ធភាពមួយភាគរយ ដែលអាចបង្កឲ្យមានវា ក៏ដោយ» ហើយលោកបាននិយាយព្រមានថា ជម្លោះមួយ នឹងបង្កផលវិបាក ដែលយើងនឹងស្មានមិនដល់។
ដោយហេតុនេះហើយ បានជាយើងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងទប់ស្កាត់សកម្មភាព ឬពាក្យសម្តីណាមួយ ដែលអាចបង្កហេតុថ្មីទ្បើង»៕

មតិយោបល់