វៀតណាមៈ ចំនួនមនុស្សស្លាប់ ដោយគ្រោះទឹកជំនន់វាយប្រហារ នៅខេត្ត Lai Chau និងខេត្ត Ha Giang ភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃពុធ បានកើនទ្បើងដល់២១នាក់ហើយ ខណៈដែលការខូចខាត ត្រូវបានប៉ាន់ប្រមាណជាទឹកប្រាក់អស់ចំនួន ១៩,៨លានដុល្លារ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។
តាមរបាយការណ៍ បានឲ្យដឹងថា មនុស្ស៩នាក់នៅតែបន្តបាត់ខ្លួននៅទ្បើយ ក្នុងខេត្ត Lai Chau ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំង នៅតំបន់នោះ កាលពីយប់ថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមានទឹកជំនន់ឡើងខ្ពស់ រួមទាំងការបាក់ដីផងដែរ។
រហូតមកទល់ពេលនេះ ផ្ទះចំនួន១២៤ខ្នង បានដួលរលំ និងត្រូវទឹកជំនន់ហូរកួចនាំទៅឆ្ងាយ ខណៈដែលផ្ទះចំនួន៥៩៧ខ្នង បានខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំង ១,៥០០ខ្នងទៀត នៅលិចទឹកនៅឡើយ៕
មតិយោបល់