ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បិទព្រលានយន្តហោះនៅកោះបាលី បន្ទាប់ពីផ្ទុះភ្នំភ្លើង

ឥណ្ឌូនេស៊ីៈ ប្រភពពីមន្ត្រីម្នាក់ បាននិយាយនៅថ្ងៃសុក្រនេះថា ឥណ្ឌូណេស៊ី បានបិទអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន នៅលើរមណីយដ្ឋានកោះបាលី បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងមួយ បណ្តាលឲ្យមានផ្សែង និងផេះយ៉ាងក្រាស់កម្ពស់រហូតដល់ ២,០០០ ម៉ែត្រ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

ព្រលានយន្តហោះ Ngurah Rai ត្រូវបានបិទចាប់ពីម៉ោង ៣ ទៀបភ្លឺដល់ម៉ោង ៧យប់ថ្ងៃសុក្រនេះ បន្ទាប់ពីមានរបាយការណ៍មួយ ត្រូវបានគេរកឃើញថា កម្អែលផេះមានកម្ពស់ដល់ ២៣,០០០ ហ្វីត បន្ទាប់ពីការផ្ទុះភ្នំភ្លើង Agung កាលពីថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យព្រលានយន្តហោះលោក Yanus Suprayogi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមការព្យាករណ៍របស់ភ្នាក់ងារឧតុនិយម បានឲ្យដឹងថា ផេះភ្នំភ្លើងនេះ នឹងទៅដល់ព្រលានយន្តហោះ នាព្រឹកថ្ងៃសុក្រនេះ។

សូមជំរាបថា ការផ្ទុះភ្នំភ្លើង Agung ដែលស្ថិតនៅភាគខាងកើតកោះបាលី កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានការលុបចោលជើងហោះហើរ យ៉ាងហោចណាស់ចំនួន ៤៨ ជើង រួមទាំងយន្តហោះ AirAsia ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី និងយន្តហោះ JetStar របស់អូស្ត្រាលីផងដែរ៕

មតិយោបល់