ព័ត៌មានអន្តរជាតិ

ថៃទាមទារឲ្យអង់គ្លេសធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់

ថៃ: នាយករដ្ឋមន្ត្រីថៃលោក ប្រា​យុទ្ធ ​ចាន់​អូ​ចា បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលលោក បានស្នើឲ្យអង់គ្លេសធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ស៊ីណាវ៉ាត្រា ដែលត្រូវបានគេទម្លាក់ចេញពីតំណែង ដោយរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ហើយត្រូវបានអវត្តមានពីការផ្តន្ទាទោសដាក់គុក ស្ដីពីបទធ្វេសប្រហែស អំទ្បុងពេលកាន់អំណាច។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

លោកស្រី យីងឡាក់ បានភៀសខ្លួនចេញពីប្រទេស កាលពីខែសីហាឆ្នាំមុន ដើម្បីគេចពីការជាប់ពន្ធនាគារ លើគម្រោងឧបត្ថម្ភធនស្រូវ ដែលបានខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី បានបដិសេធការធ្វើខុសនោះផងដែរ ដោយបាននិយាយថា ការកាត់ទោសនេះ គឺជារឿងនយោបាយសុទ្ធសាធ។

វីដេអូបង្ហោះនៅលើ Instagram កាលពីថ្ងៃសៅរ៍ លោកស្រី យីងឡាក់ បាននិយាយថា លោកស្រី កំពុងរស់នៅតំបន់ Covent Garden ក្នុងទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស។

លោកស្រី យីងទ្បាក់ ត្រូវបានតុលាការកំពូលថៃ កាត់ទោសកំបាំងមុខឲ្យជាប់គុករយ:ពេល ៥ ឆ្នាំ កាលពីខែកញ្ញាឆ្នាំមុន។

សូមជំរាបថា លោក ប្រាយុទ្ធ បាននិយាយថា សំណើនេះ គឺជានីតិវិធីចាំបាច់រវាងប្រទេសទាំងពីរ ដែលមានសន្ធិសញ្ញាបត្យាប័នជាមួយគ្នា ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩១១៕

មតិយោបល់