ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ប្រហារជីវិតសមាជិក ISIS ចំនួន ១២ នាក់ ជាសងសឹកនឹងទង្វើដ៏ឃោរឃៅ

អ៊ីរ៉ាក់ៈ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលលោក បានប្រហារជីវិតសមាជិកក្រុមរដ្ឋអ៊ីស្លាម និងឡេវ៉ាន់ (ISIL) ដែលត្រូវបានគេស្គាល់ថា ISIS បន្ទាប់ពីលោកបានសន្យាថា នឹងមានការឆ្លើយតបភ្លាមៗ ចំពោះការសម្លាប់របស់ក្រុមប្រដាប់អាវុធ ទៅលើអ្នកទោស ៨ នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។

ការប្រហារជីវិតនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមភេរវជន ១២ នាក់ ត្រូវបានយកទៅអនុវត្ត តាមសាលក្រមចុងក្រោយ របស់តុលាការអ៊ីរ៉ាក់។

កាលពីថ្ងៃពុធ កងកម្លាំងសន្ដិសុខអ៊ីរ៉ាក់ បានរកឃើញសាកសពបុរស ៨ នាក់ ដែលមានអវយវៈដាច់រយះចេញពីគ្នា ដោយខ្លះទៀត ត្រូវចងបំផ្ទុះជាមួយគ្រឿងផ្ទុះ ត្រូវបានគេសន្និដ្ឋានថា ជាទង្វើរបស់ពួកចាប់ជំរិត ISIL។

សូមជំរាបថា កាលពីពេលថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធ ISIL បានចាប់ជំរិតសមាជិកកងកម្លាំងសន្ដិសុខរបស់អ៊ីរ៉ាក់ ហើយបានបង្ហាញខ្លួនពួកគេចំនួន ៦នាក់ នៅក្នុងវីដេអូបង្ហោះតាមអ៊ិនធឺណេត កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយគំរាមសម្លាប់ពួកគេ ក្នុងរយៈពេលបីថ្ងៃ ប្រសិនបើរដ្ឋាភិបាល មិនព្រមដោះលែងពួកអ្នកទោសស្រី Sunni៕

មតិយោបល់