ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស៊ីរី ដណ្ដើមយកតំបន់យុទ្ធសាស្រ្តសំខាន់មួយ ពីពួកឧទ្ទាមមកគ្រប់គ្រងវិញ ក្រោយការវាយលុកដ៏ខ្លាំងក្លា

ស៊ីរីៈ ប្រព័ន្ធឃោសនារដ្ឋ និងក្រុមឧទ្ទាម បាននិយាយកាលពីថ្ងៃច័ន្ទថា កងទ័ពរដ្ឋាភិបាលស៊ីរី បានគ្រប់គ្រងឡើងវិញ នូវតំបន់យុទ្ធសាស្រ្តមួយ ដែលអាចមើលឃើញច្បាស់ពីផ្នែកខាងក្រោមនៃតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមទាហានដែលស្មោះត្រង់ទៅនឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានកាន់កាប់តំបន់ភ្នំ Al-Haara នៅថ្ងៃទី២ នៃការវាយលុកមួយ ដែលមានគោលដៅដណ្ដើមយកទីតាំង ដែលនៅសេសសល់ ក្នុងខេត្ត Quneitra មកគ្រប់គ្រងវិញពីពួកឧទ្ទាម ស្ថិតនៅតាមបណ្តោយព្រំដែន ជាមួយអ៊ីស្រាអែល។

តំបន់ភ្នំដែលជាដីខ្ពស់បំផុត នៅក្នុងខេត្ត Deraa បានធ្លាក់ចូលទៅក្នុងដៃពួកឧទ្ទាម កាលពីខែតុលាឆ្នាំ ២០១៤កន្លងទៅនោះ បានទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លា ជាមួយការវាយឆ្មក់តាមអាកាសរបស់យោធារុស្ស៊ី និងស៊ីរី កាលពីពីរថ្ងៃមុន។

ជុំវិញបញ្ហានេះ អ៊ីស្រាអែលបានព្រមានថា នឹងធ្វើការឆ្លើយតបដ៏តឹងរ៉ឹង ក្នុងករណីប្រសិនបើកងកម្លាំងរដ្ឋាភិបាលស៊ីរី ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់នោះ ជាមួយវត្តមានកងទ័ពអ៊ីរ៉ង់ និងក្រុមយុទ្ធជនហេសប៊ូឡា ដែលជាអ្នកគាំទ្រសំខាន់របស់ប្រធានាធិបតីស៊ីរី បង្កការគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខ នៅក្នុងតំបន់ខ្លួន៕

មតិយោបល់