ម៉ាដាហ្គាស្ការៈ នាយករដ្ឋមន្ត្រីលោក Mahafaly Solonandrasana បាននិយាយថា យ៉ាងហោចណាស់ មានមនុស្ស ២នាក់បានស្លាប់ និង ៧២ នាក់ទៀតរងរបួស ដោយសារបំផ្ទុះគ្រាប់បែកមួយ កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលថ្ងៃប្រារព្ធពិធីជាតិ នៅប្រទេសម៉ាដាហ្គាស្ការ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។
ការផ្ទុះនេះ បានកើតឡើងនៅកីឡដ្ឋាន Mahamasina Municipal Stadium ក្នុងរដ្ឋធានីម៉ាដាហ្គាស្ការ វេលាប្រហែលម៉ោង ៤ល្ងាច នៅពេលដែលតារាចម្រៀងចាប់ផ្ដើមសម្ដែងការប្រារព្ធពិធីថ្ងៃបុណ្យជាតិ។
ហ្វូងមនុស្សបានព្យាយាមស្វែងរកច្រកចេញពីពហុកីឡាដ្ឋាន ហើយការសម្ដែង ត្រូបានផ្អាក ក្នុងគ្រាដែលមនុស្សជាច្រើនពោរពេញដោយឈាមដេកនៅលើដី។
ខណៈនេះ នៅមន្ទីរពេទ្យ Joseph Ravoahangy Andrianavalona មានសាកសពចំនួន ២នាក់ ត្រូវបានគេដាក់រួចទៅហើយនៅសាលតម្កល់សព ស្របពេលដែល ៧២ នាក់ទៀតរងរបួសកំពុងនៅរង់ចាំការសង្គ្រោះបន្ទាន់របស់ខ្លួន។
នាយករដ្ឋមន្រ្តី បាននិយាយថា ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ថា វាជាអំពើភេរវកម្ម។
វិធានការសុវត្ថិភាពត្រូវបានធ្វើទ្បើងភ្លាមៗ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន៕
មតិយោបល់