ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅជប៉ុន ស្លាប់ម្នាក់ និងបាត់ខ្លួន ១១ នាក់ ខណៈមនុស្សរាប់ពាន់ទៀត ត្រូវជម្លៀសខ្លួនចេញ

ជប៉ុន: ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារនៅ Kyushu ជាកោះសំខាន់ ស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន ដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់ ១១ នាក់ទៀត កំពុងបាត់ខ្លួនដោយសារតែទឹកជំនន់ និងការរអិលបាក់ដី ក្នុងតំបន់នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សាកសពមនុស្សម្នាក់ ត្រូវបានគេរកឃើញនៅទីក្រុង Asakura ក្នុងខេត្ត Fukuoka បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណ:ដែលនៅទីក្រុង Hita ក្នុងខេត្ត Oita មានបុរសម្នាក់ កំពុងមានការព្រួយបារម្ភថាស្លាប់ បន្ទាប់ពីត្រូវកប់នៅក្នុងដីភក់។

ភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានដល់ប្រជាពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នបំផុត នៅក្នុងខេត្ត Fukuoka និងខេត្ត Oita ដោយបានថ្លែងថា លក្ខខណ្ឌបរិយាកាសមិនស្ថិតស្ថេរ ដែលអាចនឹងកើតមានគ្រោះមហន្តរាយ ។

ទូរទស្សន៍ NHK របស់ជប៉ុន បានឲ្យដឹងថា មនុស្សសរុបចំនួន ៥៧០.០០០ នាក់ ដែលរស់នៅតាមបណ្ដាលខេត្ត Fukuoka, Oita, Kumamoto និង Saga ត្រូវបានអាជ្ញាធរបញ្ជា ឬណែនាំឲ្យជម្លៀសខ្លួនចេញ ដើម្បីសុវត្ថិភាព។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា នៅទីក្រុង Asakura ក្នុងខេត្ត Fukuoka មានតំបន់មួយក្នុងចំណោមតំបន់ ដែលរងការវាយប្រហារខ្លាំងបំផុត ដោយសារទឹកជំនន់នោះ គឺមានមនុស្ស ៥៤ នាក់ ក្នុងនោះមានសិស្សសាលា ១៨នាក់ ត្រូវបានជាប់ នៅឯសាលាបឋមសិក្សាមួយ ដោយសារភ្លៀងខ្លាំង។

គួរបញ្ជាក់ដែរថា ទីក្រុង Asakura មានកម្រិតទឹកភ្លៀងធ្លាក់កាលពីថ្ងៃពុធ ៥៤២ មិល្លីម៉ែត្រ ក្នុងរយ:ពេលជាង ២៤ ម៉ោង ឈានចូលដល់ម៉ោង ០៨ ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងស្រុក)៕

មតិយោបល់