ស្ទឹងត្រែងៈ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលដោយលាន់ស្នូរកាំភ្លើង ខណៈដែលសមត្ថកិច្ចដេញតាមប្រមាញ់ចាប់រថយន្តសាំយ៉ុងដឹកឈើប្រណិតមួយគ្រឿង កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំនុចព្រៃចាស់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា ពួកគាត់បានលឺសម្លេងគ្រាប់កាំភ្លើងបាញ់ជាច្រើនគ្រាប់ចេញពីក្នុងរថយន្តម៉ាកហាយលែនឌ័រ ដែលជារថយន្តរបស់សមត្ថកិច្ចបានបាញ់ទៅលើរថយន្តសាំយ៉ុងដឹកឈើនោះពីក្រោយ បណ្តាលឲ្យបែកកង់ក្រោយខាងស្តាំទៅមុខមិនរួច បន្ទាប់មករថយន្តហាយលែនដរ័នោះ ក៏បានបើកដេញតាមរថយន្តមួយគ្រឿងទៀតម៉ាកកាម៉ារីបាឡែន ដែលជារថយន្តម្ចាស់រថយន្តសាំយ៉ុងខាងលើដែលរថយន្តបាលែននេះ បានបើកបិតគូថឃាំងរថយន្តសមត្ថកិច្ចមិនឲ្យដេញតាមក៏ត្រូវបានសមត្ថកិច្ចដែលជិះលើរថយន្តហាយលែនឌ័រ បាញ់ជាច្រើនគ្រាប់ដូចគ្នា
បណ្តាលឲ្យរថយន្តបាលែននោះបែកកង់ខាងឆ្វេងទាំងមុខ ទាំងក្រោយទៅមុខមិនរួច ភ្លាមនោះម្ចាស់រថយន្តក៏បានបើកទ្វារត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។
ប្រភពបន្តថា ពីដំបូងពួកគាត់បានឃើញរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AD-4742 បែកកង់ នៅចំណុចភូមិខាងលើ បន្ទាប់ពីប្តូរកង់រួចមក រថយន្តសាំយ៉ុងនោះបានបើកចេញភ្លាមនោះគេឃើញមានរថយន្តម៉ាកហាយលែនឌ័រ មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AA-7817 ដែលគេស្គាល់ថា ជារថយន្តរបស់ឈ្មោះ តាំង ដារ៉ាន់ ដែលជាអនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភាខេត្ត ជិះជាមួយបុរសម្នាក់ទៀតឈ្មោះ ប៉ូ លី ដែលជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។
ក្នុងការឃាត់រថយន្តសាំយ៉ុងដឹកឈើខាងលើនេះ ត្រូវបានគេដឹកថា មានការបាញ់ប្រហារទៅលើរថយន្តសាំយ៉ុង និងរថយន្តបាលែន ព្រោះថា សម្លេងស្នូរកាំភ្លើង បានលឺចេញពីរថយន្តម៉ាកហាយលែនឌ័រ ដែលជារថយន្តរបស់លោក តាំង ដារ៉ាន់ អនុប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភាខេត្ត។
ក្រោយការឃាត់រថយន្តខាងលើនោះរួចមកឃើញថា រថយន្តនោះពិតជាបានដឹកឈើប្រណិតពិតប្រាកដមែន។ ចំណែកឯតៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ផងដែរ។
សូមបញ្ជាក់ផងដែរថា រថយន្តសាំយ៉ុងដឹកឈើ សមត្ថកិច្ចឃាត់បាន ខាងលើនេះ ជារថយន្តរបស់ឈ្មួញឈើម្នាក់ឈ្មោះ ហេង ដែលជាអ្នករកស៊ីឈើនៅស្រុកសៀមប៉ាងជាច្រើនឆ្នាំមកហើយ។
ហើយឈ្មួញឈ្មោះ ហេង ម្នាក់នេះ បានដឹកឈើប្រណិតចេញពីភូមិកញ្ចាញគោក ស្រុកសៀមប៉ាង ជារៀងរាល់ថ្ងៃយកមកលក់ឲ្យឈ្មួញបន្តទៀតដែលដេកចាំទិញឈើក្នុងទីរួមខេត្ត។
បច្ចុប្បន្ន រថយន្តសាំយ៉ុងដឹកឈើនិងរថយន្ត កាម៉ារីបាឡែនខាងលើត្រូវសមត្ថកិច្ចយករថយន្តស្ទូចមកស្ទូចយកទៅរក្សារទុកនៅស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ប៉ុន្តែចំណាត់ការបន្តយ៉ាងណានោះ គឺយើងនៅមិនទាន់ដឹងនៅឡើយទេ៕
មតិយោបល់