ព័ត៌មានអន្តរជាតិ

Update៖ ករណីរញ្ជួយដីដ៏ខ្លាំងក្លា វាយប្រហារនៅឥណ្ឌូនេស៊ី មនុស្សស្លាប់កើនទ្បើងដល់ ៣១៩ នាក់

ឥណ្ឌូនេស៊ីៈ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារនៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បង្កឲ្យមនុស្សម្នា មានការភ័យស្លន់ស្លោ នៅលើកោះ Lombok ខណៈដែលចំនួនអ្នកស្លាប់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់ រយៈពេល ៤ ថ្ងៃកន្លងមកនេះ បណ្ដាលមនុស្សស្លាប់ឡើងដល់ ៣១៩ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃអាទិត្យ រញ្ជួយដីនេះ បានវាយប្រហារនៅភាគខាងជើងកោះ បណ្ដាលឲ្យអគារជាច្រើនបាក់រលំ ខណៈមនុស្សម្នាបាននាំគ្នារត់ចេញ តាមដងផ្លូវ នៅពេលថ្មបានធ្លាក់ចុះពីក្បែរភ្នំ។

ប្រមុខរដ្ឋមន្ត្រីសន្តិសុខឥណ្ឌូនេស៊ីលោក Wiranto បាននិយាយថា «កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះកំពុងបន្ត បើទោះបីជួបផលលំបាក និងភាពស្មុគស្មាញដោយសារការរញ្ជួយដីក៏ដោយ»។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិលោក Sutopo Purwo Nugroho បានឲ្យដឹងថា ចំនួនមនុស្សដែលត្រូវបង្ខំឲ្យចាកចេញ ពីលំនៅឋានរបស់ពួកគេ បានកើនឡើងដល់ ២៧០,០០០នាក់ ខណៈដែលមានមនុស្សប្រហែល ១,០០០ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ៕

មតិយោបល់