ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក ដែលជំរុញឲ្យទំនាក់ទំនងទ្វេភាគីប្រែល្អក់កករ

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសអាមេរិក ចំពោះការដាក់ទណ្ឌកម្មថ្មី ទៅលើប្រទេសខ្លួន ហើយបានអំពាវនាវថា នឹងមានចំណាត់ការឆ្លើយតបវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកែលម្អចំណងទាក់ទងទ្វេភាគីកន្លងមក មិនទទួលបានផ្លែផ្កា។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសម្នាក់ បាននិយាយថា កូរ៉េខាងជើង នៅតែមិនផ្លាស់ប្តូរឆន្ទៈរបស់ខ្លួន ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើងដោយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅអំឡុងកិច្ចចរចាក្នុងប្រទេសសិង្ហបុរីនោះទេ។

ដោយក្រុងព្យុងយ៉ាងសង្ឃឹមថា ចំណងមេត្រីភាពរបស់ខ្លួន ចំពោះអាមេរិកកន្លងមក ដូចជាការផ្អាកធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក៏ដូចជាការលុបបំបាត់អាវុធនុយក្លេអ៊ែរ នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។

ប៉ុន្តែបែបជាអាមេរិក បានឆ្លើយតបនឹងការរំពឹងទុកនេះ តាមរយៈការញុះញង់ឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិ និងការដាក់សម្ពាធ ប្រឆាំងនឹងកូរ៉េខាងជើងទៅវិញ៕

មតិយោបល់