ព័ត៌មានអន្តរជាតិ

Update៖ គ្រោះរអិលបាក់ដី និងទឹកជំនន់ នៅសៀរ៉ាឡេអូន មនុស្សស្លាប់កើនទ្បើងដល់ជិត ៥០០ នាក់

សៀរ៉ាឡេអូនៈ មន្ត្រីសុខាភិបាលក្នុងប្រទេស បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារការរអិលបាក់ដី និងទឹកជំនន់ មកដល់ដើមសប្ដាហ៍នេះ បានកើនឡើងដល់ជិត ៥០០ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៧។

មកទល់ពេលនេះ មនុស្សជាង ៦០០ នាក់ នៅតែបន្តបាត់ខ្លួន ដោយមន្ត្រីសង្គ្រោះ បានព្រមានថា ឱកាសនៃការរកឃើញអ្នកនៅរស់រានមានជីវិត ជារៀងរាល់ថ្ងៃគឺកាន់តិចតួចបំផុត ខណៈតួលេខអ្នកស្លាប់នៅពេលនេះ មានចំនួន ៤៥០ នាក់ហើយ។

សូមជំរាបថា ហេតុការណ៍នេះ ត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតមួយ នៅក្នុងប្រទេសទ្វីបអាហ្រ្វិកមួយនេះ ដែលបានកើតឡើងនៅពេលភ្នំស៊ូឡា ឡែវ បានបាក់រលំ កាលពីថ្ងៃច័ន្ទ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយបានកប់ផ្នែកខ្លះនៃតំបន់ប្រជុំជន Regent ស្ថិតនៅជាយរដ្ឋធានី Freetown។

អាជ្ញាធរនៅសប្តាហ៍នេះ បានកប់សាកសពមនុស្សចំនួន ៤៦១ នាក់ ក្នុងផ្នូរយ៉ាងឆាប់រហ័ស នៅជិតទីបញ្ចុះសព Waterloo ។

គួរបញ្ជាក់ដែរថា គិតមកត្រឹមពេលនេះ គឺប្រាំមួយថ្ងៃហើយ បន្ទាប់ពីហេតុការណ៍គ្រោះមហន្តរាយនេះ ដែលយ៉ាងហោចណាស់មនុស្ស ១ម៉ឺននាក់ ត្រូវបានគេបង្ខំឲ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈដែល រដ្ឋាភិបាលក៏បានអំពាវនាវឲ្យមានការជម្លៀសប្រជាជន ១ ម៉ឺននាក់ផ្សេងទៀត កំពុងរស់នៅលើភ្នំមួយ ក្នុងរដ្ឋធានី Freetown ផងដែរ៕

មតិយោបល់