អ៊ីតាលីៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លា កាលពីថ្ងៃអង្គារ បន្ទាប់ពីមនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិតនៅពេល ដែលស្ពានផ្លូវហាយវ៉េមួយ បានបាក់រលំ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Genoa របស់ប្រទេសអ៊ីតាលី ខណៈរដ្ឋាភិបាលហៅករណីនេះថា ជាសោកនាដកម្មដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
ស្ពាននេះ បានបាក់រលំចំពេលកំពុងធ្វើការជួសជុល ហើយតំបន់ទីនោះ ក៏កំពុងទទួលរងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាផងដែរ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Matteo Salvini បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជាអកុសលមានមនុស្សប្រមាណជាង ៣០ នាក់បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលរថយន្ដជាច្រើនគ្រឿង កំពុងជាប់នៅក្រោមគំនរស្ពានបាក់បែក។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីលោក Giuseppe Conte បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងមានការកើនទ្បើង ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះ តាមគំនរបាក់បែក៕
មតិយោបល់