ចិនៈ អ្នកជំនាញគោលនយោបាយការបរទេសចិន បានព្រមានថា អាកប្បកិរិយារបស់រដ្ឋបាលអាមេរិក នាពេលបច្ចុប្បន្ន ទៅលើកោះតៃវ៉ាន់ កំពុងធ្វើឲ្យទ្បើងកម្ដៅ ដែលអាចនាំឲ្យទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែមានភាពប្រេះឆាខ្លាំងទ្បើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
សាស្រ្តាចារ្យលោក Jia Qingguo ជាព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Peking ដែលសិក្សាពីនយោបាយអន្តរជាតិ បានចង្អុលបង្ហាញថា៖ «រដ្ឋបាលលោក ត្រាំ បានឈ្លានពានយ៉ាងខ្លាំងក្លា ក្នុងការជំរុញបញ្ហាដល់កោះតៃវ៉ាន់ ហើយក៏កំពុងប្រែស្ថានការណ៍ ឲ្យធ្លាក់ចូលក្នុងទិសដៅដ៏គ្រោះថ្នាក់បំផុត»។
កាលពីខែធ្នូ ឆ្នាំ ២០១៦ លោក ដូណាល់ ត្រាំ ដែលពេលនោះ លោកជាប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក បានបង្កឲ្យមានភាពចម្រូងចម្រាស ដោយលោកបានទទួលការហៅទូរស័ព្ទ ពីប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវេន។ ខណៈការហៅនេះ ត្រូវបានគេចាត់ទុកថា ជាទំនាក់ទំនងដំបូងគេ មិនធ្លាប់មានក្នុងរយៈពេលជិត ៤ ទសវត្សរ៍រវាងមេដឹកនាំតៃវ៉ាន់ និងប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាច។
ដោយវាបានបណ្តាលឲ្យមានការទាស់ទែងគ្នា ផ្នែកការទូតនៅក្នុងប្រទេសចិន ដែលអ្នកខ្លះ កំពុងមានការព្រួយបារម្ភថា លោក ត្រាំ នឹងងាកចេញពីការគាំទ្រគោលនយោបាយចិនតែមួយ ដែលអាចបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
មតិយោបល់