ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា មនុស្សស្លាប់កើនឡើងដល់ ៣១ នាក់ហើយ ខណៈជាង ២០០ នាក់ទៀត កំពុងបាត់ខ្លួន

អាមេរិកៈ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានកើនឡើងដល់ ៣១ នាក់ហើយ ស្របពេលដែលមនុស្សជាង ២០០ នាក់ទៀត នៅមិនទាន់រកឃើញនោះទេ ដោយពុំទាន់ដឹងថា ពួកគេនៅមានជីវិត ឬយ៉ាងណាទេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

មនុស្ស ៦ នាក់ ត្រូវបានអះអាងថា បានស្លាប់បាត់បង់ជីវិត នៅក្នុងជំរុំភ្លើងឆេះ ស្ថិតនៅភាគខាងជើងរដ្ឋមួយនេះ ដែលបណ្ដាលឲ្យតួលេខអ្នកស្លាប់នៅទីនោះ កើនទ្បើងដល់ចំនួន ២៩ នាក់ និងមនុស្ស ២នាក់ទៀត មកពីតំបន់ Woolsey ស្ថិតនៅភាគខាងត្បូងរដ្ឋ បានស្លាប់ក្នុងករណីនេះផងដែរ។

ប្រជាជនប្រហែល ២៥០,០០០ នាក់ ត្រូវបានគេបង្ខំឲ្យជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់គេ ដើម្បីបញ្ចៀសពីគ្រោះអគ្គិភ័យ៣ធំៗ នៅក្នុងរដ្ឋ។

សូមជំរាបថា ដោយសារខ្យល់បក់ខ្លាំង បានបង្កការគំរាមកំហែង ជាមួយការរីករាលដាលអណ្តាតភ្លើង ជាហេតុនាំឲ្យអភិបាលរដ្ឋ លោក Jerry Brown បានជំរុញឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់ការផ្លាស់ប្តូរមួយ ដើម្បីទទួលបានមូលនិធិសង្គ្រោះបន្ទាន់ពីសហព័ន្ធបន្ថែម៕

មតិយោបល់