ព័ត៌មានអន្តរជាតិ

ជាថ្មីម្ដងទៀត! គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦,៩ រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូនេស៊ី សម្លាប់យ៉ាងតិច ១០នាក់

ឥណ្ឌូនេស៊ីៈ ករណីរញ្ជួយដីជាបន្តបន្ទាប់ ក្នុងនោះមានមួយខ្លាំងបំផុត កម្រិត ៦,៩ រ៉ិចទ័រ បានវាយប្រហារជម្រៅរាក់ នៅកោះ Lombok នៃប្រទេសឥណ្ឌូណេស៊ី បណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ ខណៈដែលអ្នកផ្សេងទៀត នាំគ្នាភ័យរត់ស្លន់ស្លោ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដីនេះ បានកើតទ្បើងជាបន្តបន្ទាប់ ត្រូវបានកត់ត្រាដោយក្រុមអ្នកអង្កេតការណ៍ទីតាំងភូមិសាស្ត្រ នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដោយលើកដំបូងវាមានកម្រិត ៦,៣ រ៉ិចទ័រ បានបង្កឲ្យមានការរអិលបាក់ដី និងមនុស្សជាច្រើននាក់ ត្រូវបានគេជម្លៀសខ្លួនចេញ ទៅកាន់ទីតាំងសុវត្ថិភាព។

ដោយប្រហែលជាជិត ១២ម៉ោងក្រោយមកទៀត ស្រាប់តែមានការរញ្ជួយដីមួយទៀតកម្រិត ៦,៩ រ៉ិចទ័រ ហើយបន្ទាប់មកក៏មានការរញ្ជួយដីយ៉ាងតិចចំនួន ៥ ដងបន្ថែមទៀត នៅកោះ Lombok នេះបើយោងតាមការស្ទង់ភូមិសាស្ត្រអាមេរិក។

កោះដ៏សែនស្អាតមួយនេះ កំពុងបន្តកើតគ្រោះមហន្តរាយជាថ្មីឡើងវិញ ក្រោយការរញ្ជួយដីពីរលើក កាលពីថ្ងៃទី ២៩ ខែកក្កដា និងថ្ងៃទី ៥ ខែសីហា បានសម្លាប់មនុស្សជិត ៥០០ នាក់ ខណៈមនុស្សរាប់រយពាន់នាក់ទៀត គ្មានទីជម្រក៕

មតិយោបល់