ព័ត៌មានសុខភាព

បន្លែ៤ប្រភេទ មានតម្លៃថោក ឆ្ងាញ់ ហើយល្អសម្រាប់សុខភាពតម្រងនោម

អ្នកប្រហែលជាដឹងហើយថា តម្រងនោម គឺជាសរីរាង្គដ៏មានសារៈសំខាន់ខ្លាំងបំផុត ព្រោះវាមានតួនាទីច្រោះឈាម និងសម្អាតកាកសំណល់ពុល បញ្ចេញតាមរយៈទឹកនោម។ ដូច្នេះ ដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ តើអ្នកគួរធ្វើបែបណា? ខាងក្រោមនេះ ដែលអ្នកគួរទទួលទាន ដើម្បីរក្សាតម្រងនោមឲ្យមានសុខភាពល្អ៖

ម្ទេសប្លោក
មូលហេតុមួយដែលបណ្តោលឲ្យតម្រងនោមចុះខ្សោយ គឺការទទួលទានអាហារដែលសម្បូរសារធាតុប៉ូតាស្យូមច្រើនពេក ក៏ប៉ុន្តែម្ទេសប្លោក មានផ្ទុកសារធាតុប៉ូតាស្យូមទាប ធ្វើឲ្យវាក្លាយជាអាហារដ៏ល្អសម្រាប់តម្រងនោម។ ក្រៅពីនេះម្ទេសប្លោក មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា វីតាមីន C វីតាមីន A វីតាមីន B6 និងសារធាតុចិញ្ចឹមផ្សេងៗទៀតដូចជាអាស៊ីតហ្វូលិក និងជាតិសរសៃដែលល្អសម្រាប់សុខភាពទូទៅ។

ស្ពៃក្តោប
ស្ពៃក្តោប មិនមានផ្ទុកសារធាតុប៉ូតាស្យូម ដែលល្អសម្រាប់សុខភាពថ្លើម និងតម្រងនោម។ មិនតែប៉ុណ្ណោះ បន្លែមួយនេះសម្បូរទៅដោយសារធាតុ phytochemical ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលនាំឲ្យកើតជំងឺមហារីក។ ស្ពៃក្តោប ក៏មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា ជាតិសរសៃ វីតាមីន B6 វីតាមីន K វីតាមីន C និងអាស៊ីតហ្វូលិក ដែលល្អសម្រាប់តម្រងនោម។

ខ្ទឹមស
ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបានសម្រាប់ស្ត្រីមេផ្ទះប៉ុណ្ណោះទេ វាថែមទាំងល្អសម្រាប់តម្រងនោម ព្រោះវាអាចជួយបំបាត់ជាតិសូដ្យូម និងជាតិទឹកដែលលើសពីក្នុងខ្លួន តាមរយៈការបត់ជើងធំ។

ខ្ទឹមស ក៏អាចការពារតម្រងនោមពីផលប៉ះពាល់នៃលោហៈធ្ងន់ដូចជាសំណ។ គ្រឿងទេសមួយនេះ អាចមានសមត្ថភាពកាត់បន្ថយការរលាក ការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ សម្អាតជាតិពុលចេញពីរាងកាយ កាត់បន្ថយកូលេស្តេរ៉ុល និងដើរតួនាទីជាថ្នាំអង់ទីប៊ីយោទិកតាមបែបធម្មជាតិ។

ខាត់ណាផ្តា
ខាត់ណាផ្តា ជាបន្លែដែលមានផ្ទុកអាស៊ីតហ្វូលិក និងជាតិសរសៃដែលអាចជួយសម្អាតតម្រងនោម ក៏ដូចជាបង្កើនសុខភាពតម្រងនោមផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកប៉ូតាស្យូមទាប សម្រាប់មនុស្សដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃផងដែរ៕

មតិយោបល់