ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាដំណើរទស្សនកិច្ចប្រមុខរដ្ឋលើកដំបូង ហើយក្នុងនោះ ក៏នឹងរួមបញ្ចូលទាំងដំណើរទៅកាន់ហ្ស៊កដានីផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
មេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងស្វែងរកការទទួលស្គាល់ឡើងវិញ និងទំនាក់ទំនងថ្មី ជាមួយប្រទេសទាំងពីរ ខណៈដែលប្រជាជនហ្វីលីពីនប្រមាណ ៧៦,០០០ នាក់ កំពុងរស់នៅ និងធ្វើការទីនោះ។
ដោយលោក Duterte បានថ្លែងមុនពេលចាកចេញទៅកាន់ទីក្រុង Tel Aviv ថា៖ «ការចាកចេញរបស់លោកនៅថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចជាផ្លូវការ ដែលគូសបញ្ជាក់ពីចក្ខុវិស័យរបស់រដ្ឋបាលលោក សម្រាប់ហ្វីលីពីន ក្នុងនាមជាសមាជិកទទួលខុសត្រូវមួយ របស់សហគមន៍ពិភពលោក ក្នុងនោះលោកបានអះអាងថា ហ្វីលីពីនជាមិត្តរាល់បណ្ដាលប្រទេសទាំងអស់ ហើយក៏មិនធ្វើសត្រូវ ជាមួយបណ្ដាប្រទេសណាដែរ»។
អំទ្បុងនៅក្នុងប្រទេសអ៊ីស្រាអែល លោក Duterte នឹងជួបជាមួយនាយករដ្ឋមន្រ្តី Benjamin Netanyahu និងប្រធានាធិបតីលោក Reuven Rivlin សម្រាប់កិច្ចសហការខ្ពស់ផ្នែកការពារជាតិ ទេសចរណ៍ និងវិពលកម្មផងដែរ។
សូមជំរាបថា សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Duterte លើកនេះ គឺមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ដែលបានលក់ប្រព័ន្ធរ៉ាដាចំនួនបី និងរថពាសដែកចំនួន ១០០ គ្រឿងដល់ហ្វីលីពីន ខណៈដែលក្រុងម៉ានីល កំពុងសម្លឹងមើលកិច្ចព្រមព្រៀងទិញលក់យន្តហោះចម្បាំងផងដែរ៕
មតិយោបល់