ព័ត៌មានសុខភាព

ការស្រាវជ្រាវថ្មី! ចម្អិនអាហាររបៀបនេះជាប្រចាំ អាចប្រឈមនឹងជំងឺបេះដូង

ការសិក្សាបានបង្ហាញថា អ្នកដែលប្រើប្រាស់អុក ឬធ្យូងអាំងសាច់ដោយផ្ទាល់ អាចបង្កើនហានិភ័យនៃការស្លាប់ដោយសារតែជំងឺគាំងបេះដូង ឬជំងឺដាចសរសៃឈាមខួរក្បាល ១២ភាគរយ។ ការស្រាវជ្រាវបានបន្ថែមថា ផ្សែងភ្លើងដែលជាប់នឹងសាច់អាំងសាច់ មានផ្ទុកសារធាតុគីមីពុល ដែលត្រូវបានផ្សារភ្ជាប់នឹងជំងឺមហារីកស្បែក មហារីកសួត និងមហារីកផ្លោកនោមផងដែរ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បានធ្វើការសិក្សាទៅលើប្រជាជននៅប្រទេសចិន ដែលមានជាងពាក់កណ្តោលបានប្រើប្រាស់អុស ឬធ្យូង ដើម្បីអាំងសាច់ក្នុងដំណាក់កាលខ្វះនៃជីវិតរបស់ពួកគេ។ ទម្លាប់បែបនេះយូរៗម្តង ក៏ហាក់ដូចជាប្រឈមនឹងក្តីស្លាប់ដោយសារជំងឺបេះដូងដែរ។
ជារៀងរាល់ ១០ឆ្នាំ ហានិភ័យនៃជំងឺនេះកើនឡើង ៣ភាគរយ ហើយអ្នកទម្លាប់ចម្អិនរបៀបនេះ ដែលមានអាយុ ៣០ឆ្នាំ ឬលើសពីនេះ មានហានិភ័យ ១២ភាគរយ។

ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ការប្តូរមកចម្អិនអាហារដោយប្រើប្រាស់អគ្គីសនី ឬឧស្ម័នហ្គាស អាចកាត់បន្ថយលទ្ធភាពនៃការស្លាប់ដោយសារជំងឺបេះដូង។ វេជ្ជបណ្ឌិត Derrick Bennett ដែលជាអ្នកស្រាវជ្រាវម្នាក់បាននិយាយថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា អ្នកដែលប្រើប្រាស់អុស ឬធ្យូងអាំងសាច់ គួរតែប្តូរទៅប្រើអគ្គីសនី ឬស្ម័នហ្គាស វិញល្អប្រសើរជាង។

ការសិក្សាដ៏ធំរបស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford ដែលបានធ្វើទៅលើមនុស្សចំនួន ៣៤១,៧៣០នាក់ ដែលមានអាយុចន្លោះពី ៣០ ទៅ ៧៩ឆ្នាំ រយៈពេល ១៣ឆ្នាំ រកឃើញថា មានស្ត្រីចំនួន ៣ភាគ ៤ បានអាំងសាច់ដោយប្រើអុស ឬធ្យូងយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍។ មនុស្សទាំងនេះទំនងជាស្លាប់ដោយសារតែជំងឺបេះដូង ជាងអ្នកដែលមិនប្រើប្រាស់វិធីមួយនេះ ដើម្បីចម្អិនអាហារ។

ហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង បានថយចុះ ៥ភាគរយជារៀងរាល់១០ឆ្នាំ បន្ទាប់ពីឈប់ប្រើប្រាស់អុស ឬធ្យូងអាំងសាច់។ ហេតុនេះហើយ លោកសាស្ត្រចារ្យ Zhengming Chen បានណែនាំឲ្យមនុស្សគ្រប់រូបប្តូរមកប្រើប្រាស់ការចម្អិនដោយអគ្គីសនី ឬឧស្ម័នហ្គាជំនួសវិញ៕

មតិយោបល់