អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ បានព្រមានប្រឆាំងនឹងការចាប់ផ្តើម វាយប្រហាររបស់រដ្ឋាភិបាលស៊ីរី ទៅលើទីបញ្ជាការពួកឧទ្ទាមចុងក្រោយរបស់ប្រទេសនេះ ដោយមានជំនួយពីរុស្ស៊ី និងអ៊ីរ៉ង់ ជាមួយការលើកទ្បើងថា ការវាយលុកនេះ អាចបង្កឲ្យមានសោកនាដកម្មដល់មនុស្សជាតិ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។
លោកត្រាំ បានសរសេរសារនៅលើបណ្ដេញសង្គមថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad មិនត្រូវធ្វើការវាយប្រហារនៅខេត្ត Idlib ទាំងគ្មានការប្រុងប្រយ័ត្ននោះទេ ខណៈលោកបានបញ្ជាក់ថា រុស្ស៊ី និងអ៊ីរ៉ង់ នឹងធ្វើឲ្យមានកំហុសមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចំពោះការចូលរួមរបស់ពួកគេ ក្នុងសោកនាដកម្មមួយនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការសហប្រជាតិ និងក្រុមផ្ដល់ជំនួយ បានព្រមានថា ប្រតិបត្តិការវាយលុកពេញទាំងស្រុងនៅខេត្ត Idlib អាចបង្កឲ្យមានមហន្តរាយមនុស្សធម៌ ដែលមិនធ្លាប់មានក្នុងជម្លោះរយៈពេល ៧ឆ្នាំរបស់ប្រទេសស៊ីរី។
កងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងប្រមូលផ្ដុំគ្នានៅភាគពាយព្យខេត្ត Idlib ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាម និងពួកសកម្មប្រយុទ្ធជ្រុលនិយម ហើយត្រូវបានគេចុះបញ្ជីថា ជាក្រុមភេរវករ ដោយមហាអំណាចពិភពលោក។
យ៉ាងណាមិញរុស្ស៊ី និងអ៊ីរ៉ង់ បានលើកទ្បើងថា ក្រុមជ្រុលនិយមនៅខេត្ត Idlib ត្រូវតែចាញ់ ខណៈប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងគាំទ្រកងកម្លាំងរបបមួយនេះ ក្នុងការវាយប្រហារណាមួយ៕

មតិយោបល់