ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Jebi វាយប្រហារយ៉ាងខ្លាំងក្លានៅជប៉ុន ដែលមិនធ្លាប់មានក្នុងរយៈពេល ២៥ ឆ្នាំ កំពុងបង្កមហន្តរាយ..

ជប៉ុន: ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃអង្គារនេះ បាននិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុត បានបោកបក់លើប្រទេសជប៉ុន ដែលមិនធ្លាប់មានក្នុងរយ:ពេល ២៥ ឆ្នាំមកនេះ បាននាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យមានការបាក់ដី រួមទាំងការព្រមានឲ្យជម្លៀសប្រជាជនចេញ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។

ព្យុះទីហ្វុងឈ្មោះថា Jebi ដែលមានល្បឿងខ្យល់បក់រហូតដល់ ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់បង្កឲ្យមានការបាក់ដី នៅភាគខាងលិចប្រទេសជប៉ុន ស្ថិតក្បែរតំបន់ ដែលទើបជួបគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ ស្លាប់មនុស្សជាច្រើននារដូវក្តៅកន្លងទៅនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អេបេ បានជំរុញឲ្យប្រជាជន ជម្លៀសខ្លួនចេញយ៉ាងរហ័ស ដើម្បីសុវត្ថិភាព ហើយបានបញ្ជាឲ្យរដ្ឋាភិបាលរបស់លោក ចាត់វិធានការចាំបាច់ ក្នុងការការពារប្រជាពលរដ្ឋដែលរងគ្រោះ។

មកទល់ពេលនេះ ជប៉ុនបានចេញសេចក្តីថ្លែងការណ៍ ស្តីពីការជម្លៀសមនុស្ស នៅពេលព្យុះទីហ្វុង Jebi កំពុងខិតចូលជិតដល់ ដោយទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីការរអិលបាក់ដី ដែលអាចបង្កឲ្យមានទឹកជំនន់ ជាមួយខ្យល់បក់ខ្លាំង រួមទាំងរន្ទះ និងព្យុះកំបុតត្បូង នៅភាគខាងលិចនៃប្រទេស ក្នុងនោះទីក្រុងធំ ៗ ដូចជានៅអូសាកា និងក្យូតូ ក៏នឹងទទួលរងផលប៉ះពាល់ផងដែរ៕

មតិយោបល់