ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងផ្ទុះកំហឹង ក្រោយលោក ត្រាំ និងលោកមូនចេ អ៊ីន ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​ជាង​មុន​ទៀត​លើប្រទេសរបស់ខ្លួន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក មូន ចេអ៊ីន បានឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​ជាង​មុន​ទៀត ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ក្នុងនោះ​លោក មូន ក៏​បាន​ស្នើ​ឲ្យអង្គការ​សហប្រជាជាតិ​ ធ្វើការ​ពិចារណា​ផងដែរ ដើម្បីរារាំង​ការ​ដឹក​ជញ្ជូន​ប្រេង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើងផងដែរ។ នេះបើតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា លោក ត្រាំ និង​លោក មូន បាន​ឯកភាព​គ្នា​គ្រប់​ចំណុច​សំខាន់ៗ​ទាំង​អស់​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ៤០ នាទី កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​កូរ៉េ​ខាង​ជើង​ បាន​បាញ់​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ខ្លួន​អះអាង​ថា​ ជា​គ្រាប់​បែក​អ៊ីដ្រូសែន ដែល​ការ​បាញ់នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ាយ៉ាងខ្លាំង​ពីសហគមន៍​អន្តរជាតិ។

សូមជម្រាបថា​​ មេដឹកនាំ​ទាំង​ពីរ​បាន​សង្កត់​ធ្ងន់​ថា ការ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង​​ចុង​ក្រោយ​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ​ដល់​ពិភពលោក​ទាំង​មូល ហេតុដូចនេះហើយ មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា ​ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​មាន​ខ្លាំងក្លា​បន្ថែម​ទៀត ​ទៅ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់តាមតែអាច​ធ្វើ​ទៅបាន៕

មតិយោបល់