សេអ៊ូលៈ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អតីតជំនួយការដែលស្និទនឹងប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឿនហេ បានផ្តល់សក្ខីកម្មទៅព្រះរាជអាជ្ញាថា លោកបានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ ទៅមនុស្សជំនិតរបស់លោកស្រីផាក គឺលោកស្រី ឆយ សួនស៊ីល រយៈពេលជាយូរមកហើយ ដែលស្ថិតក្រោមការណែនាំរបស់លោកស្រី ប្រធានាធិបតី។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា Jeong Ho-seong ដែលជាអតីតលេខាប្រធានាធិបតី ទទួលបន្ទុកកាន់កាប់ឯកសារទាំងអស់ដែលត្រូវរាយការណ៍ជូនប្រធានាធិបតី បានឆ្លើយសំណួររដ្ឋអាជ្ញាថា លោកបានបញ្ជូនឯកសារប្រធានាធិបតីទៅឲ្យលោកស្រី ឆយ ក្រោមការណែនាំរបស់លោកស្រី ផាក គឿនហេ។
សូមជំរាបផងដែរថា ឯកសារដែលបែកធ្លាយទាំងនោះរួមមាន សុន្ទរកថាប្រធានាធិបតី, ឯកសារសម្ងាត់ទាក់ទងជាមួយប្រទេស កូរ៉េខាងជើង ក្នុងអាណត្តិអតីតប្រធានាធិបតីលោក លី ម្យុងបាក់, គម្រោងទស្សនកិច្ចប្រធានាធិបតីទៅក្រៅប្រទេស និងរបាយការណ៍ប្រជុំគណៈរដ្ឋមន្រ្តី។ នេះបើតាមសារព័ត៌មាន យ៉ុនហាប់ បានចេញផ្សាយ៕
មតិយោបល់