ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចោទប្រកាន់ចិនថា កំពុងព្យាយាមធ្វើឲ្យមានផលប៉ះពាល់ ដល់ការបោះឆ្នោតអាមេរិក

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចោទប្រកាន់ប្រទេសចិនថា កំពុងព្យាយាមជះឥទ្ធិពលមិនល្អ ដល់ការបោះឆ្នោតអាមេរិកនាពេលខាងមុខ តាមរយៈនយោបាយធ្វើសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងទ្បើងកម្ដៅរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ដោយលោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុងប៉េកាំងបាននិយាយដោយបើកចំហថា ពួកគេកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីធ្វើឲ្យប៉ះពាល់ និងផ្លាស់ប្តូរការបោះឆ្នោតរបស់យើង តាមរយៈការវាយប្រហារទៅលើកសិករ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និងអ្នកធ្វើការឧស្សាហកម្ម ដែលស្មោះត្រង់ចំពោះរូបលោក ។

សេចក្តីអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានប្រកាសដាក់ពន្ធគយ ដែលមានទំហំទឹកប្រាក់ ២០០ ពាន់លានដុល្លារ ទៅការនាំចូលរបស់ប្រទេសចិន នាសប្ដាហ៍ក្រោយ ដើម្បីឆ្លើយតបនឹងចំណាត់ការរបស់ទីក្រុងប៉េកាំង។

ក្នុងនោះលោកក៏បានគំរាមថា នឹងដាក់ពន្ធបន្ថែមទៀតលើទំនិញស្ទើរតែពាក់កណ្ដាលនៃផលិតផលទាំងអស់ ដែលបាននាំចូលពីប្រទេសចិន ជាមួយទំហំទឹកប្រាក់ ២៦៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងករណីប្រសិនបើចិន បកមកសងសឹកអាមេរិក ដោយមិនធ្វើការផ្លាស់ប្តូរគោលនយោបាយ ពាណិជ្ជកម្មរបស់ខ្លួននោះ។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ ទីក្រុងប៉េកាំង ក៏បានចាត់វិធានការសងសឹកភ្លាមៗផងដែរ ជាមួយការដាក់ពន្ធបន្ថែមលើការនាំចូលរបស់អាមេរិក គិតជាទឹកប្រាក់ ៦០ ពាន់លានដុល្លារ។

ដោយការដាក់ពន្ធនោះ អាចស្ថិតក្នុងចន្លោះពី ៥% ទៅ ១០% គឺមានប្រសិទ្ធភាពលើផលិតផលអាមេរិកចំនួន ៥,២០០ មុខ កាលពីថ្ងៃច័ន្ទ ក្នុងថ្ងៃជាមួយគ្នាដែលអាមេរិកបានចាត់វិធានការដាក់ពន្ធលើប្រទេសខ្លួន។

ក្នុងនោះចិនក៏បានប្រកាសផងដែរថា ខ្លួនកំពុងតែដាក់ពាក្យបណ្តឹងថ្មីមួយ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងពន្ធគយរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក៕

មតិយោបល់