អ៊ុយក្រែនៈ ក្រុមទាហានមកពីយោធាបរទេសចំនួន ៨ នាក់ ក្នុងនោះក៏រួមមានទាំងកងកម្លាំងរបស់អាមេរិកផងដែរ នឹងជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែន នាខែក្រោយដើម្បីចូលរួមសមយុទ្ធផ្លូវអាកាសដ៏ធំបំផុតរបស់ប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
កាលពីថ្ងៃពុធ ប្រភពព័ត៌មាន Stars and Stripes បានរាយការណ៍ថា មូលដ្ឋានទ័ពអាកាស Starokostiantyniv ដែលមានចម្ងាយ ១៥០ ម៉ាយល៍ពីភាគនិរតីនៃរដ្ឋធានី Kiev នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការចូលរួមពីបុគ្គលិកយោធាចំនួន ៩៥០ នាក់មកពីអាមេរិក បែលហ្ស៊ិក ដាណឺម៉ាក អេស្តូនៀ ហូឡង់ ប៉ូឡូញ រ៉ូម៉ានី និងចក្រភពអង់គ្លេស ក្នុងសមយុទ្ធពហុជាតិដ៏ធំមួយឈ្មោះថា Clear Sky។
សមយុទ្ធនេះ នឹងជួយហ្វឹកហ្វឺនដល់ទាហានរបស់ពួកគេ នៅក្នុងការការពារអធិបតេយ្យភាពដែនអាកាស ក៏ដូចជាប្រតិបត្តិការហោះហើរនានាផងដែរ។ ខណៈការប្រកាសអំពីសមយុទ្ធនេះ បានធ្វើទ្បើងដោយរដ្ឋាភិបាលអ៊ុយក្រែន ដែលប្រកាសថា ខ្លួននឹងបើកមូលដ្ឋានយោធាថ្មីមួយ នៅតំបន់សមុទ្រ Azov៕
មតិយោបល់