ព័ត៌មានជាតិ

ព្រឹកនេះ! បេក្ខជន-បេក្ខនារីជាច្រើនរូប ចូលមកប្រឡងបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ស្វាយរៀង: ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ចាន់ អ៊ាន រដ្ឋលេខាក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មការកណ្តាល ជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិក្នុងឆ្នាំ២០១៨ និងដោយមានការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងជាប្រធានអនុគណ:កម្មការជ្រើសរើសក្របខ័ណ្ឌនគរបាលជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ូ វណ្ណារិទ្ធិ ស្នងការរងទទួលផែនធនធានមនុស្ស បានដឹកនាំក្រុមការងារជ្រើសរើសបេក្ខជន បេក្ខនារី ឲ្យចូលប្រឡងប្រជែង ដើម្បីរើសបំពេញ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង តាមលក្ខខ័ណ្ឌរបស់ក្រសួងមហាផ្ទៃបានកំណត់ ទើបក្រុមការងារផ្តល់ពាក្យជូនបេក្ខជន-បេក្ខនារី ។

បេក្ខជន-បេក្ខនារី ដែលត្រូវជ្រើសរើសក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ត្រូវមានសុខភាពល្អ កាយសម្បទាមួន គ្មានរបួសស្នាម ឬ ជំងឺប្រចាំកាយ បេក្ខជន ត្រូវមានកម្ពស់ចាប់ពី១,៦៥ ម៉ែត្រឡើង ទម្ងន់ចាប់ពី៥៥ គីឡូក្រាម ដល់៦៥ គីឡូក្រាម (សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាល) និង កម្ពស់ចាប់ពី ១,៦៧ ម៉ែត្រ ឡើង ទម្ងន់ចាប់ពី ៥៧ គីឡូក្រាម ដល់៦៧គីឡូក្រាម (សម្រាប់ការិយាល័យនគរបាលជំនាញ) ចំពោះបេក្ខនារី ត្រូវមានកម្ពស់ចាប់ពី ១,៥៥ ម៉ែត្រ ឡើង ទម្ងន់ចាប់ពី ៤៥ គីឡូក្រាម ដល់ ៥៥ គីឡូក្រាម ។ បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំហើយត្រូវមានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រមានតម្លៃស្មើ និងបរិញ្ញាបត្រ មានអាយុ៣០ឆ្នាំចុះ ។ ចំពោះការផ្តល់ពាក្យជូនបេក្ខជន ទាំង២ភេទ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដល់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ រៀងរាល់ម៉ោងធ្វើការ ៕

មតិយោបល់