ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង បង្កឲ្យមានភាពតានតឹង

ចិនៈ ប្រេសិតពិសេសរបស់ប្រទេសចិន ប្រចាំនៅទីក្រុងឡុងដ៍ បានចោទប្រកាន់បណ្ដាប្រទេសធំៗមួយចំនួន ដែលមិនជាប់ពាក់ព័ន្ធរឿងជម្លោះក្នុងតំបន់ ព្យាយាមចូលមកកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្កើតបញ្ហា នៅតំបន់ដែលប្រទេសចិន បានអះអាងថា ជាដែនទឹករបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

លោក Liu Xiaoming ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា មហាអំណាចក្នុងតំបន់ បានឆ្ពោះទៅរកការដោះស្រាយ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយខ្លួនឯង។

ក្នុងនោះលោក Liu បានបន្ថែមថា អ្វីដែលជាបញ្ហាចម្បង នៃភាពច្របូកច្របល់របស់មនុស្សគ្រប់គ្នា នៅពេលនេះ គឺប្រទេសធំៗមួយចំនួន ដែលមិនជាប់ពាក់ព័ន្ធជម្លោះក្នុងតំបន់ ហាក់ដូចជាមិនពេញចិត្ត ចំពោះសន្តិភាព និងភាពស្ងប់ស្ងាត់ នៅក្នុងសមុទ្រចិនខាងត្បូង។ ដោយពួកគេ បានបញ្ជូននាវា និងយន្តហោះចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្កើតបញ្ហា។

ដោយទ្បែកលោក Liu ក៏បានបញ្ជាក់អំពីការយកចិត្តទុកដាក់ សម្រាប់កិច្ចខិតខំប្រឹងប្រែង រវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ផងដែរ។

សូមជំរាបថា បណ្ដាលប្រទេសចំនួន ៦ ដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង រួមមាន ចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី ដោយពួកគេសុទ្ធសឹងតែអះអាងថាទីតាំងខាងលើជាដែនទឹករបស់ពួកគេរៀងៗខ្លួន៕

មតិយោបល់