អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មប្រឆាំងលើយោធាប្រទេសចិន ដែលបានទិញយន្ដហោះចម្បាំងយោធា និងអាវុធមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
ដោយក្រុងវ៉ាស៊ីនតោន បាននិយាយថា ការទិញទាំងនោះ គឺបានប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ី ជុំវិញសកម្មភាពរបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងការជ្រៀតជ្រែកចូលក្នុងនយោបាយរបស់អាមេរិក។
ខណៈដែលនាពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានទិញយន្ដហោះចម្បាំង Sukhoi Su-35 និងប្រព័ន្ធការពារអាកាស ប្រឆាំងមីស៊ីល S-400 ពីរុស្ស៊ី។
កន្លងមកក្រុងប៉េកាំងពុំដែលបានចូលរួម នៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជាមួយអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួននោះទេ ចាប់តាំងពីឆ្នាំ ២០១៤។
សូមជំរាបថា ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី បានចាប់ផ្ដើមធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីទីក្រុងម៉ូស្គូ បានបញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែន ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន នៅឆ្នាំ ២០១៤ រួមទាំងការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ក៏ដូចជាការចូលរួមរបស់យោធារុស្ស៊ី នៅក្នុងសង្គ្រាមស៊ីវិល ដែលកំពុងបន្ត ហើយបង្កើនភាពតានតឹងនៅស៊ីរី៕

មតិយោបល់