ជប៉ុនៈ នាវាផ្ទុកឧទ្ធម្ភាគចក្រ Kaga របស់ជប៉ុន បានចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹក ជាមួយនាវាចម្បាំង HMS Argyll របស់ចក្រភពអង់គ្លេស នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃពុធ ចំពេលនាវាចម្បាំងទាំងនោះ ក៏នឹងត្រូវឆ្ពោះដំណើរទៅកាន់សមុទ្រចិនខាងត្បូង និងអាស៊ីបូព៌ាផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ប្រទេសជប៉ុន អង់គ្លេស និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក បានរកឃើញមូលហេតុទូទៅ ក្នុងការទប់ទល់ឥទ្ធិពលចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់ ដែលពួកគេមានការព្រួយបារម្ភថា ក្រុងប៉េកាំងមានបំណងចង់ដាក់ផ្លូវសមុទ្រសំខាន់ៗ ដើម្បីធ្វើការទាក់ទងជាមួយនឹងបណ្ដាលប្រទេសនៅអាស៊ី ទ្វីបអឺរ៉ុប អាមេរិក និងកន្លែងផ្សេងទៀត នៅក្រោមឥទ្ធិពលរបស់ពួកគេ។
លោក Kenji Sakaguchi មេបញ្ជាការកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បាននិយាយថា «ជាប្រពៃណីកន្លងមក ប្រទេសយើងមានទំនាក់ទំនង ជាមួយកងទ័ពជើងទឹកអង់គ្លេស ហើយយើងទាំងអស់គ្នា ជាសម្ព័ន្ធមិត្តរបស់អាមេរិក ដោយសមយុទ្ធនៅពេលនេះ គឺជាឱកាសសម្រាប់យើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា»។
ដោយលោកបានបន្ថែមថា វត្តមានរបស់កងទ័ពជើងទឹកប្រទេសទាំងពីរ ជាញឹកញាប់ គឺជាឱកាសមួយ ដើម្បីហ្វឹកហាត់កងកម្លាំងទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា បន្ថែមទៀតនាពេលអនាគត៕
មតិយោបល់