ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ធ្វើដំណើរទៅជិតតំបន់សមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំង អះអាងថាជាដែនទឹករបស់ខ្លួន

អាមេរិកៈ មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យ បាននិយាយថា នាវាចម្បាំងខ្លួនមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ដែនទឹកនៃប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង ដែលវាត្រូវបានគេមើលឃើញថា ជាការប្រឈមចុងក្រោយបង្អស់ ចំពោះការទាមទារទឹកដីរបស់ក្រុងប៉េកាំង នៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

មន្ត្រីម្នាក់បានប្រាប់ភ្នាក់ងារ AFP ថា៖ «នាវា​ពិឃាត​ប្រឆាំង​គ្រាប់​មី​ស៊ី​ល USS Decatur បានធ្វើប្រតិបត្តិការសេរីភាព នៃនាវាចរណ៍របស់ខ្លួន ចម្ងាយ ១២ ម៉ាយល៍ពីតំបន់ថ្មប៉ប្រះទឹក Gaven និង Johnson នៅកោះ Spratly ។

ប្រភពដដែលបានបន្ថែមថា រាល់ប្រតិបត្តិការយោធារបស់អាមេរិក នៅក្នុងតំបន់នោះ ត្រូវបានរៀបចំឡើង ស្របតាមច្បាប់អន្តរជាតិ ដើម្បីបង្ហាញថា អាមេរិក នឹងអាចធ្វើការហោះហើរ ឬប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត។

សូមជំរាបថា មិនមានប្រតិកម្មភ្លាមៗពីប្រទេសចិននោះទេ ប៉ុន្តែប្រតិបត្តិការអាមេរិកនេះ បានធ្វើទ្បើងស្រដៀងគ្នា កាលពីខែកក្កដាកន្លងទៅ នៅឯកោះជម្លោះ Paracel ដែលបានជំរុញឲ្យក្រុងប៉េកាំង ដាក់ពង្រាយនាវាយោធា និងយន្ដហោះចម្បាំងពួកគេ៕

មតិយោបល់