ព័ត៌មានអន្តរជាតិ

កងយោធាថ្មីបន្ថែមទៀត មកដល់ប្រទេសយេម៉ែន ដើម្បីបន្តការប្រយុទ្ធគ្នា

យេម៉ែនៈ កងទ័ពជំនួយគាំទ្ររដ្ឋាភិបាលដ៏ធំ បានមកដល់ទីក្រុង Hodeidah នៅថ្ងៃពុធនេះ ដើម្បីចូលរួមសម្រាប់ប្រតិបត្តិការយោធា ក្នុងគោលបំណងវាយដណ្ដើមយកទីក្រុងកំពង់ផែយុទ្ធសាស្ត្រ ពីពួកឧទ្ទាម Houthi វិញ បើទោះបីមានសម្ពាធពីអន្តរជាតិ ដើម្បីឲ្យបញ្ឈប់ការបាញ់ប្រហារគ្នាក៏ដោយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២១០១៨។

មេបញ្ជាការកងទ័ព ដែលស្មោះត្រង់នឹងរដ្ឋាភិបាល ហើយត្រូវបានគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា «ការប្រយុទ្ធគ្នា ទើបតែបានបញ្ឈប់រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយការត្រៀមវាយប្រហារថ្មី ដើម្បីដណ្ដើមយកតំបន់ Hodeidah ដែលនៅសេសសល់ពីគ្រប់គ្រងរបស់ពួកឧទ្ទាម Houthis នឹងចាប់ផ្ដើមឆាប់ៗ» ។

ក្រុមកងទ័ពដែលបានទទួលការហ្វឹកហ្វឺនថ្មី បានមកដល់ទីក្រុង Hodeidah ហើយ ដែលពួកគេនឹងចូលរួមការវាយប្រហារ ប្រឆាំងនឹងពួកឧទ្ទាមចុងក្រោយ ដើម្បីរំដោះទីក្រុងកំពង់ផែ។

ដោយលោកមេបញ្ជាការ បានបញ្ជាក់បន្ថែមថា ការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ ជាមួយពួកឧទ្ទាម Houthis នឹងបន្តនៅទីក្រុង Hodeidah ហើយទំនងជាមិនបញ្ឈប់បាននោះទេ ព្រោះវាបានឈានដល់ ចំណុចមិនអាចវិលត្រឡប់ថយក្រោយទ្បើយ៕

មតិយោបល់