ព័ត៌មានជាតិ

តូចចិត្តសង្សារចូលរោងការ ខាងប្រុសផ្តាច់សង្ខារនៅបន្ទប់ជួលក្នុងបុរីពិភពថ្មី សន្តិសុខឈរយាមសពម៉ាស្អាត!

ភ្នំពេញៈ យុវជនម្នាក់សុខចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួន ក៏ព្រោះតែឈឺចិត្តត្បិតសង្សារនឹងចូលរោងការប៉ុន្មានថ្ងៃខាងមុខនេះ តែទោះជាយ៉ាងណាក្តី នៅកន្លែងកើតហេតុ ត្រូវបានកងសន្តិសុខបរីពិភពថ្មី ច្រើននាក់ឈរបិទផ្លូវរារាំងមិនឲ្យជនណាម្នាក់ចូលថតរូបភាពឡើយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ I10 បុរីពិភពថ្មី ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

តាមសាច់ញាតិបុរសខាងលើ បានឲ្យដឹងថា យុវជនគិតខ្លី ខាងលើ មានឈ្មោះ ប៊ន ភី អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់កើតហេតុ រួមជាមួយបងប្រុស ម្នាក់ទៀតឈ្មោះ ប៊ន ភាព អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ជនរងគ្រោះ មានបងប្អូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ជនរងគ្រោះជាកូនទី៤ ក្នុងគ្រួសារ ឪពុកជាបុរសពោះម៉ាយ ។

តាមសាច់ញាតិបានបង្ហើបប្រាប់ឲ្យដឹងថា ជនរងគ្រោះ មានស្នេហា ជាមួយនារីម្នាក់ នៅស្រុកភូមិ ជាមួយគ្នា តែមួយរយៈកន្លងមក នាងជាសង្សារ បានបែកចិត្ត មានស្នេហ៍ថ្មីបាត់ទៅហើយ លុះរហូតមកដល់ ២ថ្ងៃមុនកើតហេតុ បន្ទាប់ពីលេចឮដំណឹង សង្សារ​ចូលរោងការ ជាមួយប្រុសផ្សេង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ជាមូលហេតុធ្វើឲ្យជនរងគ្រោះ បែកអារម្មណ៍ មិនហូបបាយទឹក ស្រាប់តែនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះ ខណៈដែលបងប្រុស ទៅធ្វើការបាត់ ចំណែកជនរងគ្រោះ នៅសង្ងំក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែគិតខ្លី ចង.កបញ្ចប់ជីវិតទៅវិញ ត្រូវបាន សាច់ញាតិ ក្បែរនោះ និងកងសន្តិសុខ កាត់ខ្សែចំណងក្រម៉ា​ដាក់ចុះ បង្កឲ្យភ្ញាក់ផ្អើល ហើយកងសន្តិសុខ មកឈររារាំង មុខបន្ទប់ ដោយមិនឲ្យជនណាម្នាក់ ទាំងអ្នកសារព័ត៌មាន ថតរូបភាពឡើយ ។

ក្រោយពីភ្ញាក់ផ្អើលបន្ទប់ជួលខាងលើ មានខ្មោចចងក ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ហើយឃើញថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់