ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន អំពាវនាវឲ្យហ្វីលីពីនលើកកម្ពស់ កិច្ចសន្ទនាស្តីពីបញ្ហាសមុទ្រចិនខាងត្បូង

ចិនៈ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយនៅក្នុងអត្ថបទមួយ ដែលបានចុះផ្សាយក្នុងកាសែត The Philippine Star ថា រដ្ឋាភិបាលក្រុងប៉េកាំង និងម៉ានីល គួរតែបង្កើនកិច្ចពិភាក្សា ស្តីពីការដោះស្រាយជម្លោះដែនដី នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស៊ីបានមានប្រសាសន៍ថា «យើងត្រូវដោះស្រាយភាពខុសគ្នា ឲ្យបានត្រឹមត្រូវតាមរយៈការពិគ្រោះយោបល់គ្នា ដោយការពង្រឹងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការលើបញ្ហាដែនសមុទ្រ ដើម្បីធ្វើឲ្យសមុទ្រចិនខាងត្បូង ក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលពិតជាផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនរបស់យើងទាំងពីរ» ។

ដោយលោកស៊ី បានកត់សម្គាល់ថា ចាប់តាំងពីប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឡើងកាន់តំណែងនោះ ការសន្ទនាគ្នាលើបញ្ហានេះ បានបន្តធ្វើជាហូរហែល។

ក្នុងនោះលោក បានបញ្ជាក់ទៀតថា ពេលនេះ លោកកំពុងមើលការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសហ្វីលីពីន ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅ ជាមួយប្រធានាធិបតីលោក Duterte ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងកាលៈទេសៈថ្មីៗ រួមទាំងការបង្កើតផែនការរួមមួយ សម្រាប់ភាពរីកចម្រើនកាន់តែខ្លាំង នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ឆ្ពោះទៅរកកម្រិតខ្ពស់មួយ … ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ សម្រាប់ការទ្រទ្រង់កំណើនទំនាក់ទំនងចិន-ហ្វីលីពីន៕

មតិយោបល់