កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយនៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ច របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ក្រុងសេអ៊ូល គឺជាលទ្ធភាពមួយ នឹងជួយពង្រឹងទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង ជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
ដោយលោក មូន បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នោះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការមួយ របស់លោក ទៅកាន់ប្រទេសនូវែលសេឡង់ អំពីពេលវេលានៃការធ្វើដំណើររបស់លោក គីម ទៅកាន់ទីក្រុងសេអ៊ូល ដើម្បីប្រារព្ធកិច្ចប្រជុំកំពូល ជាមួយលោក មូន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងឆ្នាំនេះ។
ឆ្លើយនឹងសំណួរនេះ លោក មូន បាននិយាយថា នេះជាលើកទីមួយហើយ ដែលមេដឹកនាំកូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដូច្នេះបើទោះបីជាមិនទាន់បានកំណត់ពេលវេលាជាក់លាក់ក៏ដោយ តែវាបានបង្ហាញនូវអត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។
ក្នុងនោះលោកបានអះអាងថា ដំណើរទស្សនកិច្ចមួយនេះ នឹងជួយបង្កើនល្បឿនការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ហើយនាំឲ្យមានការរីកចម្រើនកាន់តែខ្លាំង នៅក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក៕
មតិយោបល់