ហ្គាតេម៉ាឡាៈ ក្រុមមន្ត្រីបាននិយាយថា មនុស្ស ២៥ នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់រយនាក់ទៀត បានរងរបួស បន្ទាប់ពីភ្នំភ្លើង Fuego នៅក្នុងប្រទេសហ្គាតេម៉ាឡា បានផ្ទុះឡើងជាថ្មី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
ភ្នំភ្លើងនេះ ស្ថិតនៅចម្ងាយប្រហែលជា ៤០ គីឡូម៉ែត្រពីភាគនិរតីនៃរដ្ឋធានីហ្គាតេម៉ាឡា ដោយការផ្ទុះរបស់វានេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ជាមួយនឹងថ្ម និងផ្សែងខ្មៅ ក៏ដូចជាផេះទៅលើបរិយាកាស។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (Conred) បានឲ្យដឹងថា ទន្លេនៃកម្អែភ្នំភ្លើងមួយនេះ បានវាយប្រហារនៅភូមិ El Rodeo ដោយបំផ្លាញផ្ទះ និងដុតផ្ទះជាច្រើនខ្នង។
សូមជំរាបថា អាជ្ញាធរហ្គាតេម៉ាឡា បានជម្លៀសប្រជាជនរាប់ពាន់នាក់ ទៅកាន់កន្លែងសុវត្ថិភាព ចំណែកឯអាកាសយានដ្ឋាន La Aurora ស្ថិតនៅក្នុងរដ្ឋធានី ត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្នផងដែរ៕
មតិយោបល់