កូរ៉េៈ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិភាក្សាគ្នា ជាមួយប្រេសិតកូរ៉េខាងត្បូង ស្ដីពីធីសាស្ត្រដើម្បីបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។
លោក គីម បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមន្ត្រីកូរ៉េខាងត្បូង ដែលបានប្រគល់លិខិតមួយរបស់ប្រធានាធិបតីលោក មូន ជែអ៊ីន ជូនដល់រូបលោក។
ដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថា ចេតនារបស់លោក មូន ដែលបានផ្ញើលិខិតមួយ តាមរយៈប្រេសិតពិសេសខ្លួន សម្រាប់កិច្ចប្រជុំកំពូលមួយ នៅកូរ៉េខាងជើងនេះ គឺលោកមានបំណងចង់បានការផ្លាស់ប្តូរទស្សនៈ ក៏ដូចជាធ្វើកិច្ចព្រមព្រៀងដ៏ពេញចិត្តមួយ ចំពោះប្រទេសទាំងពីរ។
ប្រភពដដែលបានបន្ថែមថា លោក មូន ចង់ធ្វើការផ្លាស់ប្តូរទស្សនវិស័យយ៉ាងស៊ីជម្រៅ ស្តីពីវិធីសាស្ត្របន្ធូរបន្ថយភាពតានតឹង ផ្នែកយោធានៅលើឧបទ្វីបកូរ៉េ ដើម្បីធ្វើឲ្យទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនេះ មានភាពល្អប្រសើរ។
សូមជំរាបថា ជំនួបរបស់លោក គីម ជាមួយជាន់ខ្ពស់កូរ៉េខាងត្បូង ដែលបានធ្វើដំណើរទស្សនកិច្ច មកកាន់កូរ៉េខាងជើង មិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ គឺជាជំហានថ្មីមួយ នៅក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយគ្នាទ្បើងវិញ៕
មតិយោបល់