សិង្ហបុរី: ការចំណាយពិតប្រាកដ នៃការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានរដ្ឋាភិបាលសិង្ហបុរី វាយតម្លៃគិតជាទឹកប្រាក់ប្រហែល ១៦.៣ លានដុល្លារអាមេរិក តិចជាងការប៉ាន់ប្រមាណនាពេលមុន គឺចំនួន ២០ លានដុល្លារអាមេរិកឯណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ក្នុងណោមទឹកប្រាក់ ដែលត្រូវចំណាយក្នុងកិច្ចប្រជុំកំពូលនោះ ភាគច្រើនបំផុត គឺបានចំណាយទៅលើផ្នែកសន្តិសុខ។
លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានប៉ាន់ប្រមាណថា កិច្ចប្រជុំកំពូលនេះ នឹងត្រូវចំណាយប្រាក់ប្រហែល ២០ លានដុល្លារអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះ ដោយនឹងត្រូវចំណាយលើសន្តិសុខ ចំនួនពាក់កណ្តាលនៃទឹកប្រាក់សរុប។
ដោយលោក Lee បានអះអាងថា បរិមាណចំណាយនេះ គឺជាការចូលរួមចំណែក ក៏ដូចជាដើម្បីផលប្រយោជន៍ យ៉ាងជ្រាលជ្រៅរបស់សិង្ហបុរី ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ៕
មតិយោបល់