ព័ត៌មានអន្តរជាតិ

ចិន រិះគន់ទង្វើកាណាដាថា អមនុស្សធម៌ និងរំលោភលើសិទ្ធិមនុស្ស ជុំវិញការចាប់ខ្លួនប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei

ចិនៈ ក្រុងប៉េកាំង បានរិះគន់ប្រទេសកាណាដា អំពីការដោះស្រាយបញ្ហារបស់ខ្លួន ទាក់ទងនឹងការចាប់ខ្លួន ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នៅក្នុងប្រទេសកាណាដា កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ដោយរដ្ឋាភិបាលចិន បាននិយាយថា កាណាដា មិនបានអនុញ្ញាតឲ្យលោកស្រី Meng ទទួលបានការថែទាំវេជ្ជសាស្រ្តត្រឹមត្រូវនោះទេ ខណៈដែលលោកស្រី កំពុងជាប់ឃុំឃាំងនោះ ហើយបានអំពាវនាវឲ្យមានការដោះលែង លោកស្រីភ្លាមៗ ដោយផ្អែកលើហេតុផលវេជ្ជសាស្ត្រ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kan បាននិយាយមុនពេលសវនាការលោកស្រី Meng កាលពីថ្ងៃច័ន្ទថា « យើងជឿជាក់ថា ការអនុវត្តរបស់កាណាដា ជាទង្វើអមនុស្សធម៌ ហើយរំលោភលើសិទ្ធិមនុស្ស ចំពោះលោកស្រី» ។

ក្នុងនោះលោក បានអះអាងថា លោកស្រី Meng គួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ខណៈដែលកំពុងរង់ចាំការធ្វើបត្យាប័នមួយ ដោយលោកលើកឡើងពីការព្រួយបារម្ភ ចំពោះសុខភាពរបស់លោកស្រី នៅពេលកំពុងជាប់ឃាំង នៅក្នុងប្រទេសកាណាដា៕

មតិយោបល់