អង់គ្លេសៈ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី តេរេសា មេ នឹងជួបមេដឹកនាំអឺរ៉ុប ព្រមទាំងមន្រ្តីសហភាពអឺរ៉ុប នៅពេលក្រោយ ដើម្បីពិភាក្សាគ្នា ក្នុងគោលបំណងជួយសង្គ្រោះ ដល់កិច្ចព្រមព្រៀង Brexit របស់លោកស្រី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី នឹងធ្វើកិច្ចចរចា ជាមួយលោក ម៉ាក រុតតឺ នាយករដ្ឋមន្ត្រីប្រទេសហូឡង់ និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែទ្បា មឺគែល បន្ទាប់ពីបានពន្យារពេលការបោះឆ្នោតសភាមួយ ទាក់ទងនឹងកិច្ចព្រមព្រៀងខាងលើ។
នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា លោកស្រី ត្រូវការការធានាបន្ថែមទៀត ស្ដីពីផែនការព្រំដែនអៀរឡង់ខាងជើង ដើម្បីទទួលបានការគាំទ្រពីសមាជិកសភា។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានទទូចថា សហភាពអឺរ៉ុប នឹងមិនធ្វើកិច្ចចរចាឡើងវិញទេ ប៉ុន្តែបាននិយាយថា ពួកមេដឹកនាំអឺរ៉ុប នឹងពិភាក្សាអំពីរបៀប ជួយសម្រួលដល់ការផ្តល់សច្ចាប័នរបស់ចក្រភពអង់គ្លេស៕
មតិយោបល់