អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនបានយល់ព្រមលក់មីស៊ីល ដែលមានតម្លៃ ៣,៥ ពាន់លានដុល្លារទៅឲ្យប្រទេសតួកគី ក្នុងគ្រាមានភាពតានតឹង រវាងក្រុមសម្ព័ន្ធមិត្តណាតូ ជុំវិញផែនការរបស់ក្រុងអាន់ការ៉ា ដើម្បីទិញអាវុធពីរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានជូនដំណឹងដល់សភា នូវផែនការលក់ប្រព័ន្ធការពារដែនអាកាស រួមមានកាំជ្រួច Patriot ៨០ដើម កាំជ្រួចស្ទាក់ចាប់ PAC-3 ចំនួន៦០ដើម និងគ្រឿងបរិក្ខារពាក់ព័ន្ធផ្សេងទៀត ទៅឲ្យតួកគី។
សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា «ការលក់នេះ នឹងជួយបង្កើនសមត្ថភាពការពាររបស់យោធាតួកគី ដើម្បីទប់ទល់នឹងការឈ្លានពានបង្កហេតុ ក៏ដូចជាការពារសម្ព័ន្ធមិត្តណាតូ ដែលអាចហ្វឹកហាត់ ឬធ្វើប្រតិបត្តិការនៅក្នុងព្រំដែនតួកគី»។
សូមជំរាបថា កាលពីមួយឆ្នាំមុន ក្រុងអង់ការ៉ា បានប្រកាសកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារអាកាស S-400 ពីរុស្ស៊ី ជាហេតុនាំឲ្យបណ្តាសម្ព័ន្ធមិត្តអង្គការណាតូរបស់ខ្លួន រិះគន់។ ដោយមន្ត្រីអាមេរិកម្នាក់ បាននិយាយថា សកម្មភាពតួកគី នឹងធ្វើឲ្យប៉ះពាល់ដល់កម្មវិធីលក់អាវុធយោធាអាមេរិក គឺយន្តហោះចម្បាំង F-35 បើសិនតួកគីនៅតែបន្តទិញS-400 អាចប្រឈមនឹងទណ្ឌកម្ម នៅក្រោមច្បាប់របស់អាមេរិក៕

មតិយោបល់