ថៃៈ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha កាលពីថ្ងៃអង្គារ បានព្រមានគណបក្សនយោបាយ មិនឲ្យប្រើឈ្មោះលោក នៅក្នុងយុទ្ធនាការឃោសនា បោះឆ្នោតទ្បើយ ដោយលើកទ្បើងថា លោកមិនទាន់បានសម្រេចចិត្ត ចូលរួមជាមួយបក្សនយោបាយណាមួយទេ។ នេះបើយោងតាមសារព័ត៌មាន Bagkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ដោយលោកបាននិយាយថា គណបក្សជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការដាក់ឈ្មោះលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី ដ៏មានសក្តានុពល ប៉ុន្តែពួកគេគួរតែធ្វើការប្រុងប្រយ័ត្នចំពោះករណីនេះ ដោយសារលោក មិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយ។
ក្នុងនោះលោក Prayut បាននិយាយថា ខណៈដែលលោកមិនទាន់បានទទួលយក ការស្នើសុំដាក់ឈ្មោះលោក ជាបេក្ខភាពនាយករដ្ឋមន្ត្រី ពីគណបក្សផាឡាំងប្រាឆារ៉ាត (PPRP) ពួកគេមិនគួរយកឈ្មោះរបស់លោក ប្រើនៅក្នុងយុទ្ធនាការនោះទេ។
ប្រតិកម្មនេះដែរ បានកើតទ្បើងបន្ទាប់ពីយុទ្ធនាការរបស់បក្សខាងលើ កាលពីសប្តាហ៍មុននៅទីក្រុង Phitsanulok អ្នកទាំងនោះ ត្រូវបានគេមើលឃើញកាន់ផ្ទាំងក្រដាសគាំទ្រការវិលត្រឡប់របស់លោកឧត្តមសេនីយ៍ Prayut ជានាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខ៕
មតិយោបល់