ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីការមិនពេញចិត្ត ជុំវិញសេចក្តីព្រាងច្បាប់ថ្មីមួយរបស់អាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃព្រហស្បតិ៍ ព្រឹទ្ធសភាអាមេរិក បានអនុម័តជាឯកច្ឆន្ទនូវច្បាប់ធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ (TTA) ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនឱកាសអាជីវកម្ម សម្រាប់អ្នកតំណាងសេដ្ឋកិច្ចតៃវ៉ាន់ នៅអាមេរិកផងដែរ។
ដោយក្រសួងការបរទេសអាមេរិក បានលើកទ្បើងថា តៃវ៉ាន់ គឺជាដៃគូដ៏សំខាន់មួយ សម្រាប់ភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ និងជាកម្លាំងអមតៈមួយនៅលើពិភពលោក។
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលអាមេរិក ដែលបានហៅសម្ព័ន្ធភាពរបស់ពួកគេថា ជាសសរស្តម្ភដ៏សំខាន់នៃសន្តិភាព និងស្ថិរភាព សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហួ ជុនយីង បាននិយាយថា រដ្ឋាភិបាលខ្លួន មានការខកបំណងយ៉ាងខ្លាំង សម្រាប់សេចក្ដីព្រាងច្បាប់មួយនេះ ហើយប្រឆាំងយ៉ាងដាច់អហង្ការផងដែរ៕
មតិយោបល់