រុស្ស៊ីៈ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានជួបប្រជុំ ជាមួយសមភាគីជប៉ុនថា «ក្រុងតូក្យូ ត្រូវតែទទួលស្គាល់អធិបតេយ្យភាពទាំងអស់ របស់ទីក្រុងម៉ូស្គូ លើកោះគូរ៉ូល ដែលកំពុងមានជម្លោះ ដើម្បីបន្តកិច្ចចរចាសន្តិភាព»។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
អ្នកការទូតទាំងពីរ បានជួបគ្នាជាលើកដំបូង ចាប់តាំងពីមេដឹកនាំជប៉ុន និងរុស្ស៊ីបានព្រមព្រៀងគ្នា កាលពីឆ្នាំមុន ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញា បញ្ចប់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីកិច្ចពិភាក្សានេះ បានជាប់គាំងជាច្រើនទសវត្ស ដោយសារតែការអះអាងរបស់ជប៉ុន ចំពោះកោះជាយុទ្ធសាស្ត្រ ដែលត្រូវបានរឹបអូស ដោយកងទ័ពសូវៀត នៅថ្ងៃចុងក្រោយនៃសង្គ្រាម។
លោក Lavrov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពីកិច្ចចរចា ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ថា «អធិបតេយ្យភាពលើកោះ មិនមែនជារឿងត្រូវយកមកពិភាក្សាគ្នាទេ ព្រោះវាគឺជាទឹកដីរបស់រុស្ស៊ី»។
ដោយលោកបានបន្ថែមថា ក្រុងម៉ូស្គូ មានឆន្ទៈធ្វើការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពមួយ ដែលបានផ្តល់ឲ្យមានការទទួលស្គាល់ យ៉ាងដាច់ខាតរបស់ជប៉ុន ចំពោះលទ្ធផលទាំងមូល នៃសង្គ្រាមលោកលើកទី២ រួមទាំងអធិបតេយ្យភាពទាំងអស់របស់រុស្ស៊ី នៅភាគខាងត្បូងកោះ Kuril៕
មតិយោបល់